ព័ត៌មានជាតិ

ប្រធានអាស៊ានថា បញ្ហាប្រឈមតំបន់និងសកល កាន់តែមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ខណៈកូវីដបន្សល់ទុកស្លាកស្នាម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានអាស៊ានឆ្នាំ២០២២បានបញ្ជាក់ថា បញ្ហាប្រឈមនៅក្នុងតំបន់ និងសកលលោកកាន់តែមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ខណៈវិបត្តិជំងឺកូវីដ-១៩ បាន បន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ ទុកជាស្លាកស្នាម (scarring effects) ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ។

ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នាព្រឹកថ្ងៃទី១៣ តុលា សម្តេចតេជោមានប្រសាសន៍ថា «យើងបាននិងកំពុងបន្តជួបប្រទះនូវបញ្ហាប្រឈមតំបន់ និងសកលដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ហើយកំពុងបង្កើតនូវបច្ច័យអវិជ្ជមាន និងបញ្ហាបន្ថែម ទៀត ដោយផ្ទាល់ និងដោយប្រយោលដល់ការអភិវឌ្ឍ ជាពិសេសសង្គម, វប្បធម៌, សន្តិសុខ និងសុខុមាល ភាពរបស់ប្រជាជននៅក្នុងតំបន់អាស៊ាន» ។

សម្តេចលើកឡើងថា ដើម្បីស្ដារកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចតំបន់ប្រកបដោយភាពធន់ និចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍន៍មូលធនមនុស្សតាមរយៈ៖ ១.ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឲ្បានទូលំទូលាយ។២.ការអភិវឌ្ឍ ប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា និង៣. ការពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍជំនាញ ។

សម្តេចបានបន្ថែមថា បទពិសោធន៍ជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ ក្នុងការពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមតំបន់ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុ ង ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ ប្រកបដោយសមធម៌ និងបរិយាប័ន្ន ។

សម្តេចគូសបញ្ជាក់ថា”ខ្ញុំសង្ឃឹមថា បណ្តាសមាជិកអាស៊ានទាំងអស់នឹងចូលរួមអនុម័ត សេចក្ដីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពន អត្ថប្រយោជន៍របបសន្តិសុខ សង្គមសម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន» ។ បន្ថែមលើនេះ ការបន្តយកចិត្តទុកដាក់លើសន្តិសុខ និងសុវត្ថិភាពការងារ ព្រមទាំងស្ថិរភាពប្រាក់ចំណូលរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ក៏ជាកិច្ចការដ៏សំខាន់មួយផងដែរ ។

សម្តេចថា ដូច្នេះត្រូវបន្តគាំទ្រ និងជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើមនានាដែលបានដាក់ចេញក្នុង «សេចក្ដី ថ្លែងការណ៍អាស៊ានស្តីពីការកសាងអនាគតប្រកប ដោយចីរភាព, បរិយាប័ន្ន និងភាពធន់៖ ការលើក កម្ពស់សហគ្រិនភាពស្ត្រីនៅក្នុងតំបន់អាស៊ាន» ។

សម្តេចតេជោក៏បានលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់នៃការជំរុញការកែទម្រង់ប្រព័ន្ធអប់រំការ បណ្ដុះបណ្តាល ជំនាញ និងការស្ដារឡើងវិញនូវការបាត់បង់ការសិក្សា (learning loss) ក្នុងរយៈកាលកន្លងមកនេះ កម្ពុជាបានផ្ដួចផ្ដើមរៀបចំសេចក្តីណែនាំអំពី «ការបើកឡើងវិញ, ការងើបឡើងវិញ និងភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន» ដើម្បីធានាថាកុមារ និងយុវជន ទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និង សុវត្ថិភាព ។

នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាននានាសម្តេចបានបន្ថែម ជំងឺកូវីដ-១៩ បានជំរុញការប្រែក្លាយការអប់រំជាប្រពៃណីឲ្យទៅជាការអប់រំបែបឌីជីថលមួយជំហាន រួចហើយ ។ ក្នុងបរិការណ៍នៃការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល, អាស៊ានគួរតែខិតខំបន្ថែមទៀត ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំ ។

ជាមួយគ្នានោះដែរសម្តេចគូសបញ្ជាក់ទៀតថា”ខ្ញុំមានសុទិដ្ឋិនិយមថា ថ្នាក់ដឹកនាំអាស៊ាននឹងចូលរួមជាមួយខ្ញុំ ក្នុងការអនុម័ត សេចក្ដីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថល នៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ» ។

សម្តេចបន្ថែមថា ការអភិវឌ្ឍនូវសេដ្ឋកិច្ចច្នៃប្រឌិត និង វប្បធម៌ ក៏ជាយុទ្ធសាស្ត្រមួយប្រកបដោយសក្ដានុពល ក្នុងការជំរុញការស្តាសេដ្ឋកិច្ចអាស៊ានឡើងវិញ ជាពិសេស ជួយដល់វិស័យទេសចរណ៍ដែលទទួលរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ លើកកម្ពស់ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជំរុញសហគ្រិនភាពធុរកិច្ចថ្មី និងឌីជីថលូបនីយកម្មសំដៅគាំទ្រដល់ការអភិវឌ្ឍសហគមន៍ អាស៊ានប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងពង្រឹងគុណតម្លៃនៃសហគមន៍អាស៊ាន ។

ក្នុងឱកាសនោះដែរ សម្តេចតេជោជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «សេចក្ដីថ្លែងការណ៍ក្រុងសៀមរាបស្តីពីការ លើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងភាពសម្រប ដើម្បីលើកស្ទួយសេដ្ឋី កិច្ចវប្បធម៌ និងច្នៃប្រឌិត»៕

To Top