ព័ត៌មានជាតិ

សម្តេចតេជោ៖ អាស៊ាន ជាសហគមន៍ពហុវប្បធម៌ តម្រូវឲ្យយើងរួមគ្នាខិតខំ ក្នុងភាពចម្រុះ សំដៅសម្រេច បានការយល់ដឹងកាន់តែទូលំទូលាយជាងមុន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឲ្យត្រូវខិតខំរួបរួមគ្នាក្នុង ភាពចម្រុះ សំដៅសម្រេចបាននូវការ យល់ដឹងកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋជាពិសេសយុវជនអាស៊ាន ។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នាថ្ងៃទី១៣ តុលានេះ សម្តេចតេជោបានមានប្រសាសន៍ថា ការជួបជុំដោយផ្ទាល់នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ពិតជាមានសារៈសំខាន់ក្នុងការវាយតម្លៃវឌ្ឍនភាព, កំណត់បញ្ហាប្រឈម, កាលានុវត្តភាព និងកិច្ចការពាក់ព័ន្ធនានា ដើម្បីស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសង្គម-វប្បធម៌អាស៊ានក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ។

សម្ដេចតេជោបញ្ជាក់ថា «ជាការពិត, អាស៊ានគឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឲ្យយើងត្រូវខិតខំរួបរួមគ្នាក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឲ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និង សហគមន៍មួយ ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

សម្ដេចតេជោបន្ថែមថា ដោយមានការខិតខំប្រឹងប្រែង ធ្វើការរួមគ្នាក្នុងការអនុវត្តផែនការមេ២០២៥ នៃក្រុមប្រឹក្សា សហគមន៍សង្គម-វប្បធម៌អាស៊ាន សម្ដេចពិតជាមានមោទកភាពចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលយើងសម្រេចបាន ក្នុងនោះ រួមមាន ការលើកកម្ពស់កិច្ចគាំពារសង្គមសម្រាប់ពលករចំណាក ស្រុក, សុវត្ថិភាព និង សុខុមាលភាពសង្គម, ការលើកកម្ពស់សហគ្រិនភាពស្ត្រី, ឧស្សាហកម្មច្នៃ ប្រឌិត និងវប្បធម៌ ។សមិទ្ធផលទាំងនេះ កើតចេញពីការប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់ ពហុភាគីនិយម, ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា, ការឯកភាពគ្នា, ការលើកកម្ពស់កិច្ចសន្ទនា, ការយោគយល់គ្នាទៅវិញទៅមក និង ការអនុវត្តគោលការណ៍ «សាមគ្គីភាពក្នុងភាពចម្រុះ» ៕

To Top