ព័ត៌មានជាតិ

ប្រកាសប្រគល់ ភារកិច្ច លោក ផេង វ៉ា ជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ចាម ដោយ លោក កែវ វុទ្ធី ចូលនិវត្តន៍

កំពង់ចាម ៖ លោក ផេង វ៉ា ត្រូវបានប្រកាសជា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ចាម ដោយអតីតប្រធាន លោក កែវ វុទ្ធី ចូលនិវត្តន៍ ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី ពីលោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង មន្ត្រីអ្នកមុខអ្នកការ ជាច្រើនរូបទៀត ។

បន្ទាប់ពីពិធីប្រគល់ត្រា និង ការប្តេជ្ញាចិត្ត របស់ លោកប្រធានមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ខេត្ត ទើបប្រកាស ចូលកាន់តំណែង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា « ខ្ញុំសូមដាក់ក្តីសង្ឃឹម និងជឿជាក់លើលោកប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តដែលទើបទទួលបានការតែងតាំងថ្មី ក្នុងការបន្តដឹកនាំគ្រប់គ្រងលើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្ត ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនថែមទៀត ស្របទៅនឹងនវានុវត្តន៍ថ្មីៗ នៃយុគសម័យបដិវត្តន៍ឧស្សាហកម្មទី ៤.០ ដើម្បីធានានូវនិរន្តរភាព នៃដំណើរឆ្ពោះទៅមុខ នៃយន្តការអភិវឌ្ឍន៍របស់កម្ពុជាយើង » ។

លោកអភិបាលខេត្តបានបន្តថា លោកប្រធានមន្ទីរ ត្រូវមានការទទួលខុសត្រូវខ្ពស់ នូវការងារស្នូលរបស់អង្គភាព ដែលជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ដូចខាងក្រោម៖

ទី១ ៖ ត្រូវបន្តនិរន្តភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឲ្យបានល្អ

ទី២ ៖ ត្រូវមានកិច្ចសហការល្អជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់

ទី៣ ៖ ត្រូវមានរបៀបរបបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្តីណែនាំ

ទី៤ ៖ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងនូវវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងព័ត៌មាន

ទី៥ ៖ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសុខដុមនីយកម្ម

ទី៦ ៖ ត្រូវយកចិត្តទុកដាក់បណ្តុះ បណ្តាលសមត្ថភាពមន្ត្រីរាជការក្រោមឱវាទជាប្រចាំ

ទី៧ ៖ ត្រូវយកចិត្តទុកដាក់ក្នុងការកែលម្អសោភណភាព អនាម័យ បរិស្ថានទាំងក្នុង និងក្រៅបរិវេណបច្ចេកវិទ្យាមន្ទីរ ៕

To Top