ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានថ្លែងថា វគ្គបណ្ដុះបណ្ដាលប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់ ជូននគរបាលកម្ពុជា នឹងរួមចំណែកជួយគាំទ្រ ដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជា ធ្វើយ៉ាងណាគាំទ្រដល់កម្ពុជា ចេញពីបញ្ជីប្រផេះ នៃប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក Pablo Kang បានបង្ហាញការកត់សម្គាល់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ ក្នុងការបង្កើន នូវយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស។ លោកថា អូស្ត្រាលីត្រៀមខ្លួនផ្ដល់ការគាំទ្រ ដល់កម្ពុជាទៅលើកិច្ចការងារនេះ។
លោកបន្តថា នគរបាលអូស្ត្រាលី ក៏បាននិងកំពុងដំណើរការ វគ្គបណ្ដុះបណ្ដាលមួយចំនួនទៀត ជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការ លើការងារប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច្ច័យឌីជីថល ដែលកិច្ចការទាំងនេះ លោកសង្ឃឹមថា «នឹងរួមចំណែកជួយគាំទ្រ ដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជាធ្វើយ៉ាងណាចូលរួមគាំទ្រ ការដល់កម្ពុជាចេញពីបញ្ជីប្រផេះ នៃការងារប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់ផងដែរ»។
ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស លោកទូត បានបញ្ជាក់ថា បញ្ហានេះជាបញ្ហាសាកល និងជាបញ្ហាតំបន់ មិនមែនជាបញ្ហាសម្រាប់តែកម្ពុជា នោះទេ ដូច្នេះក៏សង្ឃឹមថានឹងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាដោះស្រាយ បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនេះ។
ជាការឆ្លើយតប សម្ដេច ស ខេង បានថ្លែងអំណរគុណ ឯកអគ្គរដ្ឋទូតដែលបានវាយតម្លៃជាវិជ្ជមាន ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស និងថ្លែងអំណរគុណអូស្ត្រា លីបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាពរបស់កងកម្លាំង អនុវត្តច្បាប់របស់កម្ពុជា។
សម្ដេចក៏បានឯកភាពថា ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស គឺជាកិច្ចការដែលទាមទារឲ្យមាន ការសហការជិតស្និត ជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ទាំងក្នុងតំបន់ និងសាកលោក។ សម្ដេចបន្តថា ដោយផ្អែកលើបទពិសោធន៍កន្លងមក ប្រទេសសាម៉ីដែលមានពលរដ្ឋរងគ្រោះ ក៏មានកាតព្វកិច្ចក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបក្រុមឧក្រិដ្ឋជន ក្នុងប្រទេសខ្លួនដែរ ធ្វើយ៉ាងណាទប់ស្កាត់ប្រភពនាំ ឬជួញដូរមនុស្សឆ្លងដែន នេះ ខណៈកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋជន ប្រព្រឹត្តអំពើនេះនៅកម្ពុជា។
សម្ដេច ក៏បង្ហាញក្ដីរីករាយ និងស្វាគមន៍ចំពោះការជួយគាំទ្រ ពីសំណាក់ភាគីអូស្ត្រាលី មកលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំង ការសម្អាត ប្រាក់។ សម្ដេច បានជម្រាបបន្ថែមថា ក្រៅពីការងារ នេះ បញ្ហាគ្រឿងញៀនក៏ជាបញ្ហាមួយ ស្មុគស្មាញដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ដែរ។
សូមរំលឹកថា ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យ ខាងលាងលុយកខ្វក់៕