ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់បរិមាណឧស្ម័នធម្មជាតិ បន្ថែមទៀតទៅកាន់សហភាពអឺរ៉ុប ក្នុងអំឡុងរដូវស្លឹកឈើជ្រុះ រដូវរងាខាងមុខនេះ។
លោក ពូទីន បានឲ្យដឹងនៅក្នុងសម័យ ប្រជុំពេញអង្គនៃវេទិកាអន្តរជាតិ “សប្តាហ៍ថាមពលរុស្ស៊ី” នៅទីក្រុងមូស្គូថា សាខាមួយក្នុងចំណោមសាខាទាំងពីរនៃបំពង់ Nord Stream 2 បានរួចផុតពីឧប្បត្តិហេតុ លេចធ្លាយនាពេលថ្មីៗនេះ ហើយប្រទេសរុស្ស៊ីមានឆន្ទៈ ក្នុងការបញ្ជូនឧស្ម័នឆ្លងកាត់វាទៅកាន់អឺរ៉ុប។
លោកបានលើកឡើងថា “សមត្ថភាពរបស់វាគឺ ២៧,៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដែលស្មើនឹង ៨ភាគរយនៃការនាំចូល ឧស្ម័នទាំងអស់របស់អឺរ៉ុប។ ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការចែកចាយបែបនេះ ហើយថា គ្រាប់បាល់គឺនៅខាងសហភាពអឺរ៉ុប” ។
ប្រទេសរុស្ស៊ី ក៏អាចផ្ទេរបរិមាណ ដែលបាត់បង់តាមរយៈបំពង់បង្ហូរ Nord Stream ទៅកាន់តំបន់សមុទ្រខ្មៅ និងបង្កើតផ្លូវផ្គត់ផ្គង់សំខាន់ៗ ទៅកាន់អឺរ៉ុបតាមរយៈតួកគី “ប្រសិនបើជាការពិត ដៃគូរបស់យើង ចាប់អារម្មណ៍លើបញ្ហានេះ” ។
នៅក្នុងវេទិកានេះ លោកពូទីន បានសម្តែងការព្រួយបារម្ភ អំពីតម្លៃថាមពលមិនស្ថិតស្ថេរ និងអតុល្យភាពក្នុងការផ្គត់ផ្គង់ និងតម្រូវការ ហើយលោកបានរិះគន់ប្រទេសមួយចំនួន “ដែលត្រូវបានដឹកនាំដោយមហិច្ឆតា ភូមិសាស្ត្រនយោបាយផ្ទាល់របស់ពួកគេ ងាកទៅរកការរើសអើង ទាំងស្រុងនៅក្នុងទីផ្សារ” ៕
ប្រែសម្រួល ឈូក បូរ៉ា