ព័ត៌មានជាតិ

រកឃើញជនរងគ្រោះ បាត់ខ្លួនក្នុងឧបទ្ទវហេតុលិចទូកដរ កើនដល់១០នាក់ ស្លាប់ ៦នាក់

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គិតត្រឹម​ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ការស្រាវជ្រាវរុករកជួយសង្គ្រោះ ជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) រកឃើញចំនួន ១០នាក់ ស្លាប់ ៦នាក់ (ស្រី១នាក់)។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ តុលា នេះ បាន​ឱ្យ​ដឹង​ថា មកដល់ពេលនេះ បានរកឃើញសពជនរងគ្រោះចំនួន ៤នាក់បន្ថែមទៀត (ស្រី០១នាក់) មានដូចខាងក្រោម ៖ ១-ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស ,២-ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ,៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស ,៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា «រកឃើញសរុបចំនួន១០នាក់ ស្លាប់ ៦នាក់ (ស្រីម្នាក់)។ នៅសល់ ៥នាក់ទៀត បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវ រុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត ។

សូមរំលឹកថា ករណីនេះបានកើតឡើងនៅពេល កូនសិស្សបានចេញពីរៀនរួច ក៏ជិះទូកឆ្លងទៅកាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះក្នុងភូមិកោះចំរើន (លើកោះមានប្រហែល ៣០០គ្រួសាររស់នៅ) ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង។ កន្លងទៅមិនមានគ្រោះថ្នាក់ បែបនេះកើតឡើងនោះឡើយ តែលើកនេះមកពីទឹកឡើងទើប ជួបហេតុការណ៍អាក្រក់នេះតែម្តង ៕

To Top