ព័ត៌មានជាតិ

៥ឆ្នាំ ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណបក្ស៩ ចុះឈ្មោះក្នុងបញ្ជីគណបក្ស១៧ និងលុបឈ្មោះចេញ៨ គណបក្ស

ភ្នំពេញ ៖ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២២ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សនាយោបាយចំនួន៩ ចុះឈ្មោះក្នុងបញ្ជីគណបក្សចំនួន១៧ និងលុបឈ្មោះចេញពីបញ្ជីគណបក្សចំនួន៨។

នាឱកាសអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» ដឹកនាំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្ន (គិតត្រឹមខែកញ្ញា) គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងសរុបចំនួន៤៥គណបក្ស។

លោកបញ្ជាក់ថា «កត់សម្គាល់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រសួងបានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សនាយោបាយចំនួន៩ ចុះឈ្មោះក្នុងបញ្ជីគណបក្សចំនួន១៧ និងលុបឈ្មោះចេញពីបញ្ជីគណបក្សចំនួន៨»។

លោកបន្ដថា ជារួមគណបក្សនយោបាយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺមានសិទ្ធិធ្វើសកម្មភាពដោយសេរី គ្មានការរើសអើង ឬទទួលរងនូវការគាបសង្កត់អ្វីឡើយ ។ ជាក់ស្តែង ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្តិទី៥ មានគណបក្សនយោ បាយចូលរួមប្រកួតប្រជែងរហូតដល់ ១៧គណបក្ស ដោយមានបេក្ខជនឈរឈ្មោះសរុបចំនួន ៨៦.០៩២នាក់ និងមានប្រជាពលរដ្ឋបានទៅបោះឆ្នោតចំនួន ៧.៣៨២.៤៤៩នាក់ ស្មើ ៨០,១៩% នៃអ្នកដែល មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ។ ជាលទ្ធផលមានគណបក្សនយោបាយចំនួន៩ទទួលបានអាសនៈក្នុងក្រុម ប្រឹក្សាឃុំ-សង្កាត់៕

To Top