ព័ត៌មានជាតិ

ធនាគារធំៗ៥ បោះទុនវិនិយោគ ក្នុងទឹកប្រាក់២៣លាន ដុល្លារ លើការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដកណ្ដាល

ភ្នំពេញ ៖ ធនាគារធំៗចំនួន៥នៅកម្ពុជា សម្រេចចិត្ដ បោះទុនវិនិយោគរួមគ្នា ក្នុងទឹកប្រាក់ ចំនួន២៣លានដុល្លារ លើការងារសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ នៅខេត្ដកណ្ដាល ។

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅអគារ Elysee នាទីក្រុងកោះពេជ្រ  បានធ្វើពិធីចុះហត្ថលេខា រវាងក្រុមហ៊ុនOverseas Cambodian InvestmentCorporation(OCIC),Cambodia Airport InvestmentCo,Ltd.(CAIC) និងធនាគារ៥ធំៗ រួមមាន ៖ ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank (UCB ជាបុត្រសម្ព័ន្ឋ នៃធនាគារ Taiwan E. Sun Commercial Bank) សម្រាប់ការវិនិយោគសញ្ញាបណ្ណ មានបុគ្គលធានា របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ពិធីនោះមានការចូលរួមពី លោក Chalres Vann អគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment(CAIC) អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC ផងដែរ។

ទឹកប្រាក់វិនិយោគ ដែលទទួល បានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិ តេជោ នៅខេត្តកណ្តាល ។ គម្រោងអាកាសយានដ្ឋាន អន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៤០% បានចំណាយទឹក ប្រាក់សរុប ៥២៤លានដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

តាមការបញ្ជាក់ឲ្យដឹងពីលោក Chalres Vann អគ្គនាយករងក្រុមហ៊ុន Cambo dia Airport Investment(CAIC) ក្រុមហ៊ុន OCIC គឺជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគដ៏ធំ និងមានឥទ្ធិពលមួយ ហើយក៏ជាសម្ព័ន្ធក្រុមហ៊ុន ក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យអចលនទ្រព្យហេដ្ឋារចនាសម្ព័ន្ធ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ ផ្សារទំនើបសណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងរោងចក្រផលិតកម្មកញ្ចក់ជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើបOlympia ជាដើម ។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិ បាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនOCIC។ រាជ រដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនាប្លង់សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ការវិនិយោគរបស់ធនាគារទាំង៥នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់ធនាគារតៃវ៉ាន់ ក្នុងការធ្វើមូលដ្ឋានីយកម្ម និងប្រតិបត្តិការនៅកម្ពុជា ហើយក៏ជាការបង្ហាញពីការឆ្លើយតបយ៉ាងសកម្ម ក៏ដូចជាការគាំទ្រយ៉ាងមុតមាំ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់រដ្ឋាភិបាល។ ប្រជាជនក្នុងស្រុក ក៏ដូចជាវិនិយោគិនតៃវ៉ាន់ បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកម្ពុជា ប្រកបដោយនិរន្តរភាព ដែលជាព្រឹតិ្តការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងរយៈពេល២៤ឆ្នាំ នៃការអភិវឌ្ឍ វិស័យធនាគារតៃវ៉ាន់នៅកម្ពុជា ។

ធនាគារតៃវ៉ាន់ទី ១គឺធនាគារ First Commercial Bank បានចូលមកកម្ពុជា នាពាក់កណ្តាល ខែវិច្ឆិកាឆ្នាំ១៩៩៨ ហើយបានក្លាយជាធនាគារតៃវ៉ាន់តែមួយ គត់នាពេលនោះ។ ជាបន្តធនាគារ Mega Internati onal Commercial Bank បានបង្កើតសាខា នៅទីក្រុងភ្នំពេញនាឆ្នាំ២០១១។

ធនាគារ Cathay United Bank បានទិញយកអតីតធនាគារ Singaporean Bank (SBC Bank) នាឆ្នាំ២០១២ រីឯធនាគារ Taiwan Cooperative Bank ក៏បានបង្កើតសាខានៅទីក្រុងភ្នំពេញ នាឆ្នាំ២០១៣ ហើយក្នុងឆ្នាំដដែលធនាគារ E. Sun Bank ក៏បានទិញយកធនាគារ United Commercial Bank of Cambodia (UCB)នោះដែរ ៕

To Top