ស្វាយរៀង ៖ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជូន ណាត(ជោតញ្ញាណោ) និងរូបសំណាកអ្នក ភិរម្យភាសាអ៊ូ ហៅង៉ុយនៅវិទ្យាល័យប៊ុន រ៉ានី ហ៑ុន សែន ចន្ទ្រា ដែលជាអំណោយសប្បុរធម៌ដ៏ថ្លៃថ្លារបស់ឧកញ៉ា លីយូគៀកទីប្រឹក្សាសម្ដេចពញាចក្រីហេង សំរិនប្រធានរដ្ឋសភា ត្រូវបានធ្វើពិធីចម្រើនព្រះបរិត្តនិងអភិសេកឆ្លង នារសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២២ម្សិលមិញ ដោយមានការចូលរួមពីលោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា មន្ត្រីរាជការ លោកនាយកសាលាវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ចន្ទ្រា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនអ្នកផងដែរ។
![](https://dap-news.com/wp-content/uploads/2022/10/839-1024x682.jpg)
បើតាមលោកចក់ ចំរើន នាយកវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ចន្ទ្រា បានឲ្យដឹងថា សាលារៀនវិទ្យាល័យប៊ុនរ៉ានីហ៊ុន សែន ចន្ទ្រា ស្ថិតនៅក្នុងភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានឈ្មោះដើមអនុវិទ្យាល័យសុរាម្រិតកសាងនៅឆ្នាំ ១៩៦៦ ដោយនៅឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៨ ជាឃ្លាំងដាក់គ្រាប់និងអាវុធរបស់ទាហានប៉ុលពត ក្រោយជ័យជំនះ ៧ មករាឆ្នាំ ១៩៧៩ នៅឆ្នាំ១៩៨២ សាលាបានបើកទ្វារបង្រៀនឡើងវិញដោយមានឈ្មោះថា សាលាកម្រិតសិក្សាទី ២ ស្រុកចន្ទ្រា បន្តមកនៅឆ្នាំ ២០០៥ សាលាបានបង្កើតនៅវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែនចន្ទ្រា ដែលមានលេខកូដ២០០ ១០៥ ០៤៩០១។ស្ថានភាពទូទៅនៅសាលាវិទ្យាល័យប៑ុន រ៉ានីហ៊ុនសែន ចន្ទ្រា មានបុគ្គលិកសិក្សាសរុប ៤២ នាក់ស្រី ៨ នាក់និងមានថ្នាក់កម្រិតចាប់ពីថ្នាក់ទី ៧ដល់ថ្នាក់ទី ១២។
![](https://dap-news.com/wp-content/uploads/2022/10/838-1024x682.jpg)
លោកបានបញ្ជាក់ថា សាលាបានទទួលការឧបត្ថម្ភពីសប្បុរសជននានាកន្លងមកមានទាំងថវិការសម្ភារៈស្មារតីទ្រទ្រង់ជាហូរហែ។តែលុះឆ្នាំ២០២០នេះ សាលាបានទទួលការឧបត្ថម្ភទ្រទ្រង់ធំមានរូបសំណាកចំនួន៣គឺ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជូន ណាត(ជោតញ្ញាណោ) និងរូបសំណាកអ្នក ភិរម្យភាសាអ៊ូ ហៅង៉ុយ ដែលមានតម្លៃសរុបជាង ១ ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧកញ៉ា លី យូគៀក។
ឧកញ៉ាលី យូគៀកបានឲ្យដឹងថា ការកសាងរូបសំណាកទាំងបីនេះឡើង ដើម្បីបំផុសឲ្យសិស្សានុសិស្សបានស្គាល់ បានដឹងបន្ថែមទៀតអំពីរូបសំណាក កិត្តិនាមនិងស្នាព្រះហស្ថដ៏ល្បីល្បាញនិងអ្នកប្រាជ្ញខ្មែរ ដែលប្រជាពលរដ្ឋទូទៅចងចាំមិនភ្លេចនូវគុណឧបការៈដ៏ថ្លៃថ្លារបស់ឥស្សរជនឆ្នើមទាំងបីរូបរួមមាន៖ ទី១.ព្រះបាទជ័យវរ្ម័នទី៧គឺជាមហាក្សត្រដែលមានឫទ្ធិអំណាចខ្លាំងក្លាក្នុងចំណោមព្រះរាជា ក្នុងសម័យអង្គរ ។ ដោយសារតែលទ្ធិបារមីក្នុងការដឹកនាំប្រទេសរបស់ទ្រង់នេះហើយ ទើបបានជាធ្វើឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ដោយមិនអាចបំភ្លេចបានអំពីស្នាព្រះហត្ថដ៏ល្បីល្បាញរបស់ព្រះអង្គ។
![](https://dap-news.com/wp-content/uploads/2022/10/840-1024x682.jpg)
លោកបានបន្តថា ទី២ សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូប ល្បីល្បាញក្នុងអំឡុងសហស្សវត្សទី១៩៥០ ដល់១៩៦០ ដោយព្រះអង្គ បានបង្កើតស្នាដៃនិពន្ធជាច្រើន ក្នុងនោះរួមមានវចនានុក្រមខ្មែរជាដើម។វចនានុក្រមនោះបានបន្សល់ទុកឲ្យកូនចៅខ្មែរប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។ស្នាព្រះហស្តទាំងនោះនៅតែបានដក់ជាប់ព្រមទាំងមានការកោតសរសើរយ៉ាងក្រៃលែង ពីសំណាក់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋកូនចៅខ្មែរ ពីមួយជំនាន់ទៅមួយជំនាន់។ ដោយហេតុ គេឃើញថាស្នាព្រះហស្តអស់ទាំងនោះ គឺមានសារៈសំខាន់ និងមានប្រយោជន៍ក្នុងការជួយដល់ការសិក្សាទាំងផ្លូវលោក និងផ្លូវធម៌។
ទី៣.អ្នកភិរម្យភាសា អ៊ូ ហៅង៉ុយ ជាបុគ្គលឧស្សាហ៍ព្យាយាមរៀនសូត្រ ដែលគេទទួលស្គាល់ថា ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូប រហូតដល់ហ្លួងព្រះស៊ីសុវត្ថិ ប្រទានគោរម្យងារជា “ក្រមង៉ុយ” ពេលបម្រើការងារនៅក្រុមភ្លេងព្រះរាជទ្រព្យក្នុងព្រះបរមរាជវាំង។កវីវោហារសព្ទមិនចេះរីងស្ងួតរូបនេះ បានបង្កើតស្នាដៃច្រៀងផ្ទាល់មាត់ជាច្រើន ដូចជាច្បាប់ល្បើកថ្មី, ច្បាប់កេរកាលថ្មី, សេចក្តីរំលឹកដាស់តឿន, ច្បាប់ប្រដៅជនប្រុសស្រី, បណ្ដាំក្រមង៉ុយ, ក្រៅពីនេះមានស្នាដៃជាច្រើនទៀត។
![](https://dap-news.com/wp-content/uploads/2022/10/837-1003x1024.jpg)
បន្ថែមលើសពីនេះ លោកសូមផ្តាំផ្ញើរដល់កូនចៅខ្មែរជំនាន់នេះ និងក្រោយៗទៀត មេត្តាចងចាំ នូវកេរ្តិ៍ឈ្មោះរបស់លោកទាំង៣ដែលបានកសាងរូបសំណាកនេះ ក៏ដូចជាស្នាដៃជាច្រើនរបស់លោក និងបុព្វបុរសខ្មែរផ្សេងៗជាច្រើនទៀត ដែលបានចំណាយពេលវេលា កម្លាំង កាយចិត្ត ដើម្បីប្រជាជាតិខ្មែរយើងផងដែរ។
ជាមួយគ្នានេះ ឧកញ៉ាលី យូគៀកបានថ្លែងផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូ ត្រូវខិតខំបង្រៀនសិស្សានុសិស្សឲ្យបានល្អបន្ថែមទៀត ដើម្បីឲ្យសិស្សទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ក្លាយខ្លួនជាទំពាំងស្នងឬស្សីនៃប្រទេសជាតិមានដ៏រឹងមាំ ក្រោមម្លប់សុខសន្តិភាពនិងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី។
![](https://dap-news.com/wp-content/uploads/2022/10/836-1024x682.jpg)
នៅក្នុងឱកាសនោះឧកញ៉ាលី យូគៀក ក៏បានប្រគេនបច្ច័យនិងថវិកាមួយចំនួនដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សដែលសរុបថវិកាអស់១៧០០ដុល្លាផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)