ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ខេត្តកំពង់ចាម ប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ យាងសោយទីវង្គតគម្រប់ខួបទី១០

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ នេះ នៅសាលាខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត បានប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សតព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គមបខួបទី១០ ។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុងឱកាសនោះថា នៅខណៈនេះ ស្ថិតក្នុងទឹកមុខស្រពត់ស្រពោនក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង ដើម្បីចូលរួមគោរព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គមបខួបទី១០ ដែលព្រះអង្គបានយាងចូលទីវង្គត់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ។

ការចូលទីវង្គត់របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយព្រះអង្គដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ទូលព្រះបង្គំ ព្រះករុណា ខ្ញុំ រួមជាមួយ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមលើកហត្ថប្រណម្យកំបង់អញ្ជលី បួងសួងឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់ឋានបរមសុខ សួគ៌ាល័យ កុំបីឃ្លៀងឃ្លាតឡើយ ៕

To Top