ភ្នំពេញ៖ មន្រ្តីនគរបាលចរាចរណ៍ ម្នាក់ ដែលប្រើពាក្យសម្ដីនិងកាយវិកា រមិនសមរម្យ ទៅលើប្រជាពលរដ្ឋ បើកបរល្មើសច្បាប់ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការកោះហៅ មកណែនាំ អប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង ព្រមទាំងដកបញ្ឈរជើងរយៈពេល៣ខែ។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញឃ្លឹបវីដេអូ ផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាក់ទងទៅនឹង មន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី បានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការ មិនសមរម្យទៅលើ ប្រជាពលរដ្ឋដែលបើកបរ ល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥ ការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស បានធ្វើការកោះហៅឲ្យមន្ត្រីរូបនោះចូលខ្លួនដើម្បីសួរនាំ និងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ។
ជាចុងបញ្ចប់ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហាទាំងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលនូវការរិះគន់ ក្នុងន័យស្ថាបនា៕