ភ្នំពេញ៖ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការក្រើនរំលឹកដាស់តឿន ដល់អ្នកបើកបរ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឱ្យប្រកាន់តាមគន្លងផ្លូវ ដែលបានកំណត់។
ការចេញសារ ក្រើនរំលឹកដាស់តឿន ពីសំណាក់ក្រសួងបែបនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញមាន អ្នកបើកបរមួយចំនួនតូច នៅមិនទាន់យល់ឬប្រកាន់ខ្ជាប់ នៅលើគន្លងផ្លូវ ដែលខ្លួនត្រូវប្រើប្រាស់នៅឡើយ។
តាមរយៈគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងបានក្រើនរំលឹកដល់បងប្អូនអ្នកបើកបរលើផ្លូវល្បឿនលឿនមេត្តាជ្រាបថា៖ អ្នកបើកបរលើផ្លូវល្បឿនលឿនមេត្តាជ្រាបថា៖
-គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំ នៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
-គន្លងវ៉ាជែង៖ ជាគន្លងស្ថិតនៅខាងឆ្វេងដៃបំផុត គឺសម្រាប់ប្រើប្រាស់ក្នុងការវ៉ាជែងតែប៉ុណ្ណោះ មិនមែនសម្រាប់ចរាចរណ៍ធម្មតាឡើយ។
ក្នុងករណីសុំជែង អ្នកបើកបរយានយន្ត ត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេង នៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។
*ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់ គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាដដែល។
ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយ បើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង ។
-គន្លងផ្លូវសម្រាប់ឈប់បន្ទាន់៖ ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។
ក្រសួងសង្ឃឹមយ៉ាងមុតមាំ បងប្អូនអ្នកបើកបរទាំងអស់ អនុវត្តតាមការណែនេះ ឱ្យបានខ្ចាប់ខ្ជួន ដើម្បីសុវត្ថិភាព ក្នុងការធ្វើដំណើរទាំងអស់គ្នា៕