ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រើពាក្យធ្ងន់ៗម្តងទៀតហើយ រហូតដល់ ហៅលោក សម រង្ស៊ីថា ជាត្រកូលក្បត់ជាតិ៣ជំនាន់ ។
ការលើកឡើងរបស់សម្តេចតេជោនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ីបានចេញសេចក្តីអំពាវនាវមួយឲ្យប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ “ត្រូវតែមានការផ្លាស់ប្តូរនៅកម្ពុជា ក្នុងឆ្នាំ២០២៣”។
ស្របជាមួយហៅលោក សម រង្ស៊ី (ក្បត់ជាតិ៣ជំនាន់) បែបនេះសម្តេចនាយរដ្ឋមន្រ្តីក៏បានអះអាងថា នឹងប្រកាសប្តូរផ្តាច់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នក នៅក្នុងស្រុក បើអ្នកណាងើបតវ៉ាតាមការអំពាវនាវ របស់សម រង្ស៊ីគឺងើបមួយវៃមួយ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២២សម្តេចតេជោ មានប្រសាសន៍ថា មានលិខិតថ្លែងការណ៍មួយ(សម រង្ស៊ី)គេបានប្រកាស ប្តូរផ្តាច់ថានៅឆ្នាំ២០២៣ ធ្វើការផ្តួលរំលំហ៊ុន សែន ឲ្យបានដែលឆ្នាំ២០២៣គឺជាឆ្នាំបោះឆ្នោត ។
សម្តេចបានលើកឡើងថា ការប្រកាសនេះគឺគេចង់ឲ្យមានការប្រើប្រាស់កងកំលាំងប្រដាប់អាវុធ ។ នេះជាការចង់ឲ្យមានការប្រើអំពើហិង្សាផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ ។
សម្តេចគូសបញ្ជាក់ថា «សូមចាំឲ្យបានគណបក្សនយោបាយណាក៏ដោយដែលទាក់ទងនិងទណ្ឌិតនេះ(សម រង្ស៊ី) ត្រូវទទួលពីបទនៃការប្តឹងផ្តល់ទៅកាន់តុលាការ។សូមចាំឲ្យច្បាស់ ទណ្ឌិតរត់ចោលគុក »។
សម្តេចបានលើកឡើងថា ចំពោះអ្នកឯង(សម រង្ស៊ី)ថាហ៊ុន សែនមិនហ៊ានលាលែងពីតំណែងទេ ព្រោះថាតុលាការបារាំងនឹងអូសក “ខ្ញុំសូមផ្តាំទៅលោកឯងថ្ងៃ១២ខែធ្នូឆ្នាំ២០២២ ខ្ញុំនៅកាន់ទីក្រុងព្រុចស្សែល(បារាំ) ដូច្នេះសូមអញ្ជើញអ្នកឯង ឬតុលាការបារាំងឬតុលាការអន្តរជាតិចាប់នៅទីនោះ”។
សម្តេចតេជោបញ្ជាក់ទៀតថា «បើអ្នកចិត្តសឿងធ្វើហ៊ុន សែន ឲ្យបាន ហ៊ុន សែនទៅក្នុងឋានៈ ជាសហប្រធាន ជាប្រធានអាស៊ាននិងធ្វើជាសហប្រធានជាមួយ សហភាពអឺរ៉ុប ។ សូមផ្តាំទៅលោកឯងទៅ(សម រង្ស៊ី)កុំបោកគេខ្លាំងពេក! ខ្ញុំនឹងទៅហើយជួបពលរដ្ឋខ្មែរ នៅទីក្រុងព្រុចស្សែលតែម្តង»។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានស្នើលោកសម រង្ស៊ី រៀបចំធ្វើបាតុកម្ម និងឯកសារណាពាក់ព័ន្ធនឹងបណ្តឹង ប្តឹងទៅ ។ សម្តេចក៏បានចំអកទៅកាន់លោកសម រង្ស៊ីថា រឿងដែលសមរង្ស៊ីឈ្នះគឺមិនបានសងប្រាក់មួយអឺរ៉ូ តែប៉ុណ្ណោះ អ្វីៗត្រូវបានបកអាក្រាតអស់ហើយដោយតុលាការបាននិយាយច្បាស់ថា អ្នកគ្មានភស្តុតាង និងបាននិយាយបរិហាកេរ្តិ៍ហើយ។
សម្តេចថា អ្វីដែលសម រង្ស៊ីប្រកាសឈ្នះនោះគឺគ្រាន់តែឈ្នះក្នុងចិត្តតែប៉ុណ្ណោះ តែសម្តេចបានដូចអ្វីដែលសម្តេចចង់បានរួចហើយចំពោះតុលាការដែលអ្នកឯងទទួលស្គាល់ថាជាតុលាការឯករាជ្យ និងតេឡេ។
ជាមួយគ្នានោះដែរសម្តេចបញ្ជាក់បន្ថែមថា «អ្នកមានសិទ្ធិនិយាយនៅខាងក្រៅ ប៉ុន្តែនៅខាងក្នុង គឺគ្មានទេ បើងើបមួយវៃមួយ ងើបពីរវៃពីរ ។ គេនិយាយពីបោះ ឆ្នោតគឺមិនអីទេ តែបើអ្នកចូលរួមក្នុងព្រឹត្តិការណ៍ក្នុងការផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ នឹងត្រូវទទួលផ្តន្ទាទោសរឿងប៉ុណ្ណឹង!កុំចាំបាច់បោកប្រាស់ច្រើនពេក អាក្បត់បីជំនាន់»។
សម្តេចតេជោបានលើកឡើងថា “ជីតាក្បត់ជាមួយព្រះមហាក្សត្រ ឪពុកក្បត់ជាមួយមហាក្សត្រ ឥឡូវមួយនេះ (សម រង្ស៊ី)ក្បត់ជាមួយមហាក្សត្រទៀត។ ដូច្នេះក្បត់បីជំនាន់ តើប្រជាពលរដ្ឋកម្ពុជាអាចទទួលយកបានទេ ពូជត្បត់ជាតិនេះ។ អីចឹងពីថ្ងៃនេះទៅ ខ្ញុំហៅ(សម រង្ស៊ី)ពូជក្បត់ជាតិ៣ជំនាន់។ និយាយឲ្យខ្លាំងអីចឹងចុះ គ្មានអ្វីទេ ។ ពលរដ្ឋកម្ពុជាមិនជឿងអ្នកឯងទេ ឪពុកលោកឯងបានស្លាប់តៃហោង ដោយសារមិនដឹងស្លាប់នៅទីណាទេ អ្នកឯងជេរមហាក្សត្រកប់ៗមាត់”៕