ព័ត៌មានជាតិ

ពលរដ្ឋខ្វះខាតជីវភាព ៥៨គ្រួសារ ក្នុងឃុំ៣ នៅស្រុកបាធាយ ទទួលបានអំណោយ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា  ប្រធានគណៈកម្មាធិការសាខា  អមដំណើរដោយ លោក លោកស្រី សមាជិក សមាជិការ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៥៨ គ្រួសារ មកពី ៣ឃុំ ( ឃុំទំនប់ ,ឃុំសណ្តែក និងឃុំត្រប់ .) ស្រុកបាធាយ ។

កម្មវិធីនេះ បានរៀបចំនៅក្នុង បរិវេណ វត្តសំវរសីល ហៅ វត្ត សណ្តែក ក្នុងស្រុកបាធាយ ។ជនងាយរងគ្រោះទាំងនោះ  រួមមាន ចាស់ជរា ១៤ គ្រួសារ- ជនមានពិការភាព ៣ គ្រួសារ ស្ត្រីមេម៉ាយក្រីក្រ ២១គ្រួសារ មានជំងឺប្រចាំកាយ ៨គ្រួសារ ទ័លលំបាក ៩គ្រួសារ មានសតិមិនគ្រប់ ១គ្រួសារ និង កុមារកំព្រា ២គ្រួសារ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត  ដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ  ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយ សម្រាលទុក្ខលំបាក  បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។

ជាមួយគានោះដែរ លោកប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយ ចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ  អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយបងប្អូន ជនងាយរងគ្រោះ ទាំង ៥៨ គ្រួសារ ដោយក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ លុច្ស ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល និងបានប្រគេនព្រះចៅអធិការវត្តសំវរសីល សណ្តែក នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និង បច្ច័យ មួយចំនួន ផងដែរ ៕

To Top