ព័ត៌មានជាតិ

ត្រឹម១ខែ សមាជិក ប.ស.ស. រាប់សែននាក់ប្រើប្រាស់សេវា នៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស. 

ភ្នំពេញ៖ នៅកិច្ចប្រជុំផ្ទៃក្នុងជាមួយអង្គភាពក្រោមឱវាទ ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២២ តាមរបាយការណ៍នៃ ប.ស.ស. បានបង្ហាញថា៖ មានបងប្អូនសមាជិក ប.ស.ស. ដែលជាមន្រ្តីសាធារណៈ និងបងប្អូនកម្មកនិយោជិត មានបញ្ហាសុខភាពនិងបានទៅប្រើប្រាស់សេវា ប.ស.ស. នៅតាមមន្ទីរពេទ្យដែលជាដៃគូ ដើម្បីទទួលសេវាពិគ្រោះជំងឺក្រៅ (ជំងឺមិនសម្រាកពេទ្យ) និងទទួលការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួនជិត ៣០ម៉ឺនដង.នាក់ គិតរយៈពេល ១ខែ ក្នុងខែកញ្ញាកន្លងទៅនេះ។

តាមរយៈការប្រើប្រាស់ សេវាព្យាបាលរបស់បងប្អូន នៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ប្រកបដោយគុណភាពនេះ លោកអគ្គនាយក ប.ស.ស. ក៏បានថ្លែងកោតសរសើរ ចំពោះភាគីនិយោជកដែលចូលរួមអភិវឌ្ឍសង្គមជាតិ និងសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ឱកាសការងារជាច្រើន ដល់បងប្អូននិយោជិត និងបានរួមចំណែក ក្នុងក្របខណ្ឌផ្សេងៗជាច្រើនទៀត ជាមួយរដ្ឋ ជាពិសេសការទទួលខុសត្រូវខ្ពស់ ក្នុងការគិតគូរបញ្ហាសុខភាព និងជីវភាពរស់នៅរបស់កម្មករនិយោជិតខ្លួន តាមរយៈប្រព័ន្ធសន្ដិសុខសង្គម ដែលនេះជាគុណធម៌ដ៏ប្រពៃពុំអាចកាត់ថ្លៃបាន របស់និយោជក។

ទន្ទឹមនឹងនេះ លោកអគ្គនាយក ប.ស.ស. បានបញ្ជាក់ផងដែរ៖ កម្មករនិយោជិត ដែលខិតខំបម្រេីការងារ ដើម្បីទទួលបានប្រាក់ឈ្នួល គឺមានពាក្យខ្មែរបានលើកឡើងពោរពេញដោយអត្ថន័យនោះគឺ កូនឈ្នួល ដោយបានភ្ជាប់ពាក្យកូន និងពាក្យឈ្នួល គឺដូចទៅនឹងកូនបង្កើតដែរ ដែលភាគីនិយោជក ត្រូវគិតគូរពីបញ្ហាសុខភាព ជីវភាពរស់នៅរបស់ពួកគាត់ នៅពេលកំពុងធ្វើការ និងពេលចាស់ជរាតាមរយៈប្រព័ន្ធសន្ដិសុខសង្គម ដែលនៅតាមជួយពួកគាត់យូរអង្វែង បន្ទាប់ពីនិយោជកបានបំពេញការចូលរួមជាកាតព្វកិច្ចរួច។ 

ជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងក្រើនរំលឹកហើយរំលឹកទៀត ចំពោះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. មន្រ្តី បុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាន អនុវត្តនូវរាល់កិច្ចការរបស់ខ្លួន ពិសេសត្រូវផ្ដោតលើកត្ដា ២ ដែលត្រូវប្រកាន់ខ្ជាប់ជាសំខាន់  នោះគឺភាពទន់ភ្លន់ និងម៉ឺងម៉ាត់បំពេញការងារ ព្រោះថាកត្ដាសមត្ថភាពពីរនេះសំខាន់ណាស់ ដែលថ្នាក់ដឹកនាំទទួលភារកិច្ចជួរមុខទាំងអស់ មិនអាចខ្វះបាននោះឡើយ ព្រោះខ្លួនអ្នកផ្ដល់សេវាសាធារណៈ ជាពិសេសត្រូវធ្វើយ៉ាងណារក្សានូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងសេវាឱ្យឈានទៅដល់កម្រិតមួយដែលទទួលបាន នូវការផ្ដល់ទំនុកចិត្ដខ្ពស់ពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ លើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ប្រចាំខែកញ្ញាខាងលើ មានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធ Hybrid ៕

To Top