ព័ត៌មានជាតិ

លោក ជា វ៉ាន់ដេត អំពាវនាវ និងលើកទឹកចិត្តសិស្សានុសិស្ស ចាប់យកជំនាញ បច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវនិងលើកទឹកចិត្ត ដល់សិស្សានុសិស្សដែល ត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចាប់យកជំនាញ បច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្រ្តីបញ្ជាក់ថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈនិងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបន្ថែមថា “ដោយក្រសួងប្រៃសណីយ៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល អំពាវនាវនិងលើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណា ចាប់យកការសិក្សាជំនាញ ផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អ មានប្រាក់ចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែក សម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការ កសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក”។

លោក ជា វ៉ាន់ដេត សង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ នឹងចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ រយៈពេលវែង និងប្រែក្លាយជាប្រទេសអភិវឌ្ឍន៍ នាពេលអនាគត ៕

To Top