ព័ត៌មានជាតិ

សាកលវិទ្យាល័យបៀលប្រាយ ប្រគល់ថវិកាសប្បុរសធម៌ ចូលរួមយុទ្ធនាការ «រត់ជាមួយ សាយ ៤សែនជំហ៊ាន»

ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ នៅនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ថវិកាសប្បុរសធម៌ ចូលរួមនៅក្នុងយុទ្ធនាការ «រត់ជាមួយ សាយ ៤សែនជំហ៊ាន» ដើម្បីរៃអង្គាសថវិកា ជួយសង្រ្គោះជីវិតកុមារកើតជំងឺមហារីក ដែលទទួលការពិនិត្យ ព្យាបាល និងថែទាំនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ឌៀប សីហា ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ និងជាតំណាងឲ្យថវិកាសប្បុរសធម៌ របស់សាកលវិទ្យាល័យ ដែលបានទទួលការបរិច្ចាកពីនិស្សិត បុគ្គលិក សាស្រ្តាចារ្យ និងគណៈគ្រប់គ្រងសរុបជាថវិកាបានចំនួនសរុប ១៣,៤២៣,៦០០ រៀល ដើម្បីប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប តាមរយៈ លោក អ៊ួន បឋម (សាយ) ជាស្ថាបនិក កម្មវិធី “រត់ជាមួយសាយ” ពីភ្នំពេញទៅខេត្តសៀមរាប ចម្ងាយ ៣០៣គ.ម ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២-៣០ ខែតុលា ឆ្នាំ២០២២ ដែលចាប់ផ្ដើមរត់ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប ដោយនឹងរំពឹងថារត់មកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅពេលខាងមុខនេះ។

គោលបំណងនៃការរៃអង្គាសថវិការសប្បុរសធម៌នេះ គឺចង់ឃើញស្នាមញញឹមរបស់កុមារនៅកម្ពុជា បំផុសចលនាសប្បុរសធម៌ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ លើកកម្ពស់សុខមាលភាពកុមារ ដែលកើតជំងឺមហារីក ខ្វះលទ្ធភាពស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឯកជនបាន គឺចង់ឲ្យពួកគានមានឱកាសទទួលបានក្តីសង្ឃឹម និងការជួយសង្គ្រោះជីវិតកុមារដែលមានជំងឺមហារីកឲ្យបានផុសផុល។

ចូលរួមទាំងអស់គ្នាដើម្បីស្នាមញញឹមកុមារកម្ពុជា!

To Top