ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយាន យន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២នេះ សមត្ថកិច្ចត្រួតពិនិត្យរថយន្ដចំនួន២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរកឃើញរថយន្តដឹក លើសទម្ងន់កម្រិតកំណត់ប្រមាណ ២,៤៧០គ្រឿង ត្រូវបានផាកពិន័យ។

យោងតាមលទ្ធផលការងារ៩ខែ នៃឆ្នាំ២០២២ របស់គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់បានបញ្ជាក់ថា «រថយន្តត្រួតពិនិត្យសរុបចំនួន ២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្នើនឹង ៣២.៧៤% ដោយនៃរថយន្តសរុប និងរថយន្តផ្ទុកលើសទម្ងន់ ត្រូវបានពិន័យមានចំនួន ២ ៤៧០គ្រឿង»។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងាររយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ នាថ្ងៃទី១៧ តុលា លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការ ត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានកោតសរសើរដល់មន្រ្តី ដែលបានខិតខំអនុវត្តការងារកន្លងមក និងជំរុញមន្រ្តីទាំងអស់ បន្តអនុវត្តការងាររឹតបន្តឹងបទល្មើស ដឹកលើសទម្ងន់កម្រិតកំណត់ ឲ្យកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព និងសហការល្អជាមួយដៃគូពាក់ព័ន្ធ៕
