ព័ត៌មានជាតិ

កម្ពុជា – ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាង១៥លានដុល្លារ សម្រាប់លើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Martina Koch ប្រធានផ្នែកសុខភាព និងគាំពារសង្គមប្រចាំតំបន់អាស៊ី និងលោក Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និងគាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍ KfW បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបចំនួន១៦លានអឺរ៉ូ ត្រូវជាប្រមាណ១៥.៥លានដុល្លារ សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី៣។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី១៧ តុលា បានឲ្យដឹងថា គម្រោង H-EQIP III នេះ មានគោលបំណងចម្បងចំនួន ៣ មានជាអាទិ៍៖ ១. រួមចំណែកដល់ការបង្កើនសេវាសុខភាពប្រកបដោយសមធម៌ និងគុណភាពខ្ពស់ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ដោយធ្វើឲ្យប្រសើរឡើនូវការការពារ និងការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខភាព (Health Equity Fund); ២. អន្តរាគមន៍យ៉ាងឆាប់រហ័ស និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងករណីបញ្ហាសុខភាពផ្សេងៗ ដោយធ្វើការកែលម្អគុណភាព និងសមត្ថភាពនៃកន្លែងថែទាំសុខភាពសាធារណៈ; ៣. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និង ការកែលម្អសមភាពយេនឌ័រ និងបរិយាប័នសង្គម ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្នបានថ្លែងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជានិមិត្តរូបនៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបាននឹងកំពុងពង្រីក និងពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាក់ស្តែង ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានចាប់ពី ១៩៩៣ ដល់បច្ចុប្បន្នសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការប្រមាណ៨៣៨ លានដុល្លារ ។ ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន ៧៦៨ លានដុល្លារ និងឥណទានសម្បទានចំនួន៧០លានដុល្លារ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

លោកស្រី Martina Koch បានលើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈ KfW បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៧០ លានអឺរ៉ូ ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារសុខភាពសង្គម តាមរយៈគម្រោង ដូចជា៖ ១. គម្រោងអាហារូបត្ថម្ភនៅកម្ពុជា, ២. គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល និង ៣. គម្រោង H-EQIP ៕

To Top