ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានចេញសេចក្តីថ្លែងការណ៍ តាមរយៈឃ្លីបវីដេអូ ដែលមានចំណងជើងថា “សេចក្តីអំពាវនាវលោក សម រង្ស៊ី ជូនចំពោះប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាក់អាវុធ៖ ត្រូវតែមានការផ្លាស់ប្តូរនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ។
ក្នុងញត្តិថ្កោលទោស របស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានចាត់ទុក ការញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាងប្រដាប់អាវុធគ្រប់ប្រភេទ ចូលរួមធ្វើការបះបោរផ្តួលរំលំរាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៣ខាងមុខ ព្រមទាំងបានធ្វើការប្រមាថដោយសម្តីអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចតេជោ និងក្រុមគ្រួសារ យ៉ាងធ្ងន់ធ្ងរ។
ញត្តិដដែលនេះបន្តបញ្ជាក់ថា “សេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឲ្យឃេីញសារជាថ្មី នូវឧបាយកដ៏ស្មោកគ្រោក ក្នុងការចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាទុច្ចរិតបង្កើតព្រឹត្តិការណ៍ប្រឆាំងនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ ដែលនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ខឿននីតិរដ្ឋ និងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឲ្យមានភាពវឹកវរ អសន្តិសុខ ប្រទេសបាត់បង់សន្តិភាព និងឈានទៅធ្លាក់ចូលក្នុងភ្លក់ភ្លើងសង្គ្រាមឡើងវិញថែមទៀតផង ។ ទង្វើនិងមហិច្ចតាដ៏អាក្រក់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក នឹងត្រូវទទួលនូវការផ្តន្ទាទោស តាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង និងដោយគ្មានការលើកលែងឡើយ”៕