ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ អាជ្ញាធរត្រូវមានឆន្ទៈខ្ពស់បង្ក្រាបគ្រឿងញៀន ព្រោះផលលំបាកនៃ សង្គមនឹងកើតមាន ឡើង នាពេលខាងមុខ

កណ្ដាល៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានចេញបទបញ្ជាទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសគ្រឿង ព្រោះផលលំបាកនៃបញ្ហាសង្គមជាតិ នឹងកើតមាន ឡើងនាពេលខាងមុខ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា គឺជាប្រទេសរងគ្រោះ ដោយពួកឧក្រិដ្ឋជនយកធ្វើជា ទីកន្លែងប្រព្រឹត្តបទល្មើស នូវឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួន ព្រមទាំងបទល្មើសគ្រឿងញៀនជាដើម។

សម្ដេចពន្យល់ថា កម្ពុជា មិនមែនជាប្រទេសដែល ប្រើប្រាស់គ្រឿងញៀននេះទាំងស្រុងឡើយ ប៉ុន្តែក្លាយទៅជាទីកន្លែងផលិតសារធាតុញៀនផ្សំ តាមរយៈគីមីផ្សំដែលផលិតផលពាក់កណ្ដាលសម្រេច ត្រូវបាន នាំចូលមកកម្ពុជា។ សម្ដេចបន្ដថា នៅពេលនាំចូលផលិតផល ពាក់កណ្ដាលសម្រេច ចំពោះសាធារធាតុគីមីទាំងឡាយផ្សំ តាមរូបមន្ដរបស់ពួកគេនោះ យកទៅលាក់ ដើម្បីយកកម្ពុជាធ្វើជាទីតាំងផលិត រួចហើយនាំចេញទៅប្រទេសទី៣ ក្នុងមួយផ្នែកចែកចាយនៅកម្ពុជា។

សម្ដេច ស ខេង មានប្រសាសន៍បញ្ជាក់ថា «បញ្ហានេះ យើងចាំបាច់ត្រូវមានការប្ដេជ្ញាចិត្ត ប្រកបដោយឆន្ទៈខ្ពស់ ក្នុងការទប់ស្កាត់បង្ក្រាបនូវបទល្មើសនេះ (បទល្មើសគ្រឿងញៀន» ឲ្យខានតែបាន ពីព្រោះផល លំបាក នៃសង្គមរបស់យើងវានឹងកើតមាននៅពេលខាងមុខ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់បង្ក្រាប និងដោះស្រាយបញ្ហាទាំងនេះ ពីឥឡូវទៅ»។

សម្ដេចបន្ថែមថា តើអ្វីទៅហៅថា ផលវិបាក? គឺវាប៉ះពាល់ដំបូងបំផុតធនធានមនុស្ស មនុស្សពេញវ័យ ជាដើម គឺនឹងក្លាយទៅជាអ្នកជក់គ្រឿងញៀន។ ទន្ទឹមនឹងនេះ បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ចោលលួច ចោលប្លន់ ជាដើម នឹងកើតមានឡើងផងដែរ។ សម្ដេច បានឲ្យដឹងទៀតថា ជាក់ស្ដែង បញ្ហាទាំងនេះ បានកើត មានឡើងរួចទៅហើយ នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។

លើសពីនេះ សម្ដេចឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំអាជ្ញាធរបង្ក្រាបទាន់ពេលវេលា នូវល្បែងអនឡាញ និងល្បែងគ្រប់ប្រភេទ នៅតាមមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀត សម្ដេច ក៏បានណែនាំដល់អាជ្ញាធរ ត្រូវបង្ក្រាបបទល្មើស ការជួញដូរមនុស្ស ព្រោះថា កម្ពុជា គឺជាប្រទេសរងគ្រោះ ដើម្បីលុបបំបាច់បទល្មើសទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ បានចេញដាក់គោលនយោបាយភូម-ឃុំមានសុវត្ថិភាព ផងដែរ៕

To Top