នយោបាយ

តុលាការរាជធានីភ្នំពេញ កាត់ទោសលោក សម រង្ស៊ី ជាប់គុកអស់មួយជីវិត និងហាមឃាត់ធ្វើនយោបាយ ជាប់ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀង កាត់ខេត្តខ្មែរ ចំនួន៤ ឱ្យទៅក្រុមម៉ុងតាញ៉ា (Video)

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៩  ខែ តុលា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រមលើសំណុំរឿងឧក្រិដ្ឋមួយទៀត របស់អតីតប្រធានគណបក្សសង្គ្រោះជាតិឈ្មោះ សម រង្ស៊ី ជាប់ទាក់ទងនឹងការលួចចុះហត្ថលេខាស្ងាត់ៗ លើកិច្ចព្រមព្រៀងមួយ ជាមួយជនជាតិវៀតណាម ឈ្មោះ កុក សរ ប្រធានមូលនិធិ ជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយសន្យាកាត់ដីខ្មែរចំនួន៤ ខេត្ត រួមមាន: ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម និង ផ្តល់ស្វយ័តភាព ដល់ក្រុមជនជាតិនេះ ក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើគណបក្សសង្គ្រោះជាតិ នឹងបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣។

តុលាការរាជធានីភ្នំពេញ ក៏បានសម្រេចផ្តន្ទាទោស លោកសម រង្ស៊ី កំបាំងមុខ ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងហាមឃាត់មិនឱ្យធ្វើនយោបាយផងដែរ ។ ​តែបើកផ្លូវឱ្យប្តឹងជំទាស់ ទៅកាន់តុលាការឧទ្ធរណ៍តាមនីតិវិធីច្បាប់។

លោកចៅក្រម ស៊ីន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែង អោយដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ សមរង្ស៊ី ភេទ ប្រុស អាយុ ៧៣ ឆ្នាំ ត្រូវបានជាប់ចោទពីបទ: «ប៉ុនប៉ង ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣  ជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។

លោកចៅក្រមបានថ្លែងថា: ចំពោះអង្គហេតុ ដែលបណ្តាលឲ្យមានការចោទប្រកាន់ ជនជាប់ចោទ សម រង្ស៊ី ខាងលើនេះ គឺ ជាប់ទាក់ទងទៅនឹងឈ្មោះ សមរង្ស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយលោក កុក សរ ជាមេដឹកនាំ ជនជាតិភាគតិច ម៉ុងតាញ៉ា កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៣ នៅសហរដ្ឋអាមេរិច បានព្រមព្រៀងកាត់ដីខ្មែ ចំនួន៤ខេត្ត នៅភាគឥសាន្តប្រទេស អោយទៅ ក្រុមជនជាតិភាគតិច ម៉ុងតាញ៉ា ដែលរស់នៅក្នុងក្នុងប្រទេសវៀតណាម ធ្វើជាកម្មសិទ្ធិស្របច្បាប់ ប្រសិនបើ គាត់ (សមរង្ស៊ី) និង គណបក្សសង្គ្រោះជាតិ បានឈ្នះការបោះឆ្នោតឆ្នោត និង បានដឹកនាំ ប្រទេសជាតិ នៅឆ្នាំ ២០១៣។

លោកចៅក្រមបានបន្ថែមថា: ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ, ជនជាប់ចោទ សម រង្ស៊ី ក៏បានទទួលស្គាល់ និង សារភាពតាមរយៈការធ្វើបទសម្ភាសន៍របស់គាត់ ជាមួយ វិទ្យុអាស៊ីសេរី (RFA) វិទ្យុបារាំង ឈ្មោះ RFI និង បណ្តាសារព័ត៌មាន នៅក្នុងស្រុកចំនួនទៀតផងដែរថា: គាត់ពិតជាបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ពិតប្រាកដមែន។

គួររំលឹកថា:  លោកសម រង្ស៊ី ដែលបច្ចុប្បន្ននេះ កំពុងរត់គេចខ្លួន នៅក្រៅប្រទេស ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅកាត់ទោសកំបាំងមុខ យ៉ាងតិច ១៧ ករណី និង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ សរុបយ៉ាងហោចណាស់ ចំនួន ៥០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋ , ការជេរប្រមាថមើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ និង មានបទបរិហារ ផដែរ ដែលត្រូវបានប្តឹងដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ: លីហ្សា

To Top