ព័ត៌មានជាតិ

វៀតណាម ត្រៀមចែករំលែក បទពិសោធន៍​ រក្សាសុវត្ថិភាព សន្តិសុខដល់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំក្រោយ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកបម្រុង វ៉មីញ លឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ភាគីវៀតណាម ត្រៀមខ្លួនក្នុងការផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ ក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមនេះ ជាមួយភាគីកម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍នេះ នៅឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាម នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។

ការលើកឡើងរបស់ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បែបនេះធ្វើឡើងនៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចសម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ។

ក្នុងជំនួបនោះ សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ១៩ បានបង្កភាពរអាក់រអួល ដល់ការអាក់ខាន នៃដំណើការអនុវត្តយន្តការ នៃកិច្ចសហប្រតិបត្តិការមួយចំនួន រវាងក្រសួងការពារជាតិទាំងពីរ ពិសេសកងទ័ពប្រទេសយើងទាំងពីរ ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ ។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សម្ដេច បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសយើងទាំងពីរ ជាពិសេសសម្ដេចផ្ទាល់ ជាមួយនឹងរដ្ឋមន្ត្រីការពារប្រទេស រួមនិងថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាម តែងតែបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ zoom ក្នុងរយៈពេលកន្លងមក ដើម្បីធ្វើយ៉ាងណា បន្តរក្សាបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងស្ថាបននៃប្រទេសទាំងពីរ ។

ជាការឆ្លើយតបឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង បានសំដែងការគាំទ្រ ចំពោះប្រសាសន៍លើកឡើង របស់សម្ដេច អំពីការខកខាន យន្តការនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសនៃកងទ័ពទាំងពីរ ក្នុងរយៈពេលកំឡុង ជាងពីរឆ្នាំកន្លងមក ដោយសារវិបត្តិនៃជំងឺរាតត្បាត ជាសាកលកូវីដ ១៩ ។

ចំពោះកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ និងវិស័យការពារជាតិវិញ លោកក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង នឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពនៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ លើការប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន ការឆ្លងដែនខុសច្បាប់ ការប្រព្រឹត្តល្បែងស៊ីសង ឆ្លងដែនខុសច្បាប់ ជាដើម ៕

To Top