ព័ត៌មានជាតិ

៧ឆ្នាំ ក្រសួង លក់លេខចុះបញ្ជីពិសេស និងលេខផ្ទាល់ខ្លួន ជាង២សែនលេខ ទទួលចំណូលជាង ៨២លានដុល្លារ (Video)

ភ្នំពេញ ៖ ក្នុងរយៈពេល៧ឆ្នាំ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានលក់លេខ ចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន បានចំនួន២២៥ ១៧១ លេខ និង ទទួលចំណូល ចំនួន៣២៩ ៦៧២ ៤៩៩ ០០០ រៀល ស្មើនឹង ៨២ ៤១៨ ១២៥ ដុល្លារ ។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មការ អន្តរក្រសួង សាធារណការ ។

ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួន ៦៤ ៦៣៨ ៩៧០ ៤០០ រៀល កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធាន គណៈកម្មការ អន្តរក្រសួងគ្រប់គ្រង ការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខ ចុះបញ្ជីរថយន្ត។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើរបាយការណ៍ វឌ្ឍនភាព ការងារលក់លេខចុះបញ្ជី រថយន្តគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ការពិភាក្សាអំពីវឌ្ឍនភាព ការងារ របស់អនុគណៈកម្មការទាំងពីរ និងបញ្ហាប្រឈមផ្សេងៗ ទាក់ទងនឹងការអនុវត្តការងារ ដើម្បីជំរុញការលក់លេខ ចុះបញ្ជីរថយន្តឲ្យ កាន់តែមានប្រសិទ្ធភាព សំដៅប្រមូលចំណូលជាតិ ឲ្យបានច្រើនថែមទៀត ៕

To Top