ព័ត៌មានជាតិ

ឃាត់ខ្លួន ថៅកែហាងម៉ាស្សាកោស-ជប់ ២ប្តីប្រពន្ធ  ពាក់ព័ន្ធនឹងបទល្មើសសញ្ចារកម្ម

ភ្នំពេញ៖  សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២ បានធ្វើការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ដែលជាថៅកែហាងម៉ាស្សាមួយកន្លែង ជាប់ពាក់ព័ន្ធនឹងការបើកហាងម៉ាស្សាតែបង្កប់បំរើសេវាផ្លូវភេទ (វ៉ៃសិច លួចលាក់) ប្រព្រឹត្តនៅចំណុចហាងម៉ាស្សា​យីហោ«ស្រីល័ក្ខកំពង់ចាម» ស្ថិតនៅផ្ទះលេខអេ១ ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់នេះ មានឈ្មោះ: ១-ឈ្មោះ ប៉ែន សុភ័ណ្ឌ អាយុ៤១ឆ្នាំ ត្រូវជាប្ដី។ ២-ឈ្មោះ ដន់ ស្រីល័ក្ខ អាយុ៤៣ឆ្នាំ ជាប្រពន្ធ ​។ អ្នកទាំង២ មានទីលំនៅ ផ្ទះលេខអេ១ ផ្លូវបេតុងលេខ៥០១​ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយប្រតិបត្តិការបង្រ្កាប, សមត្ថកិច្ចនគរបាល ក៏បានឃាត់ខ្លួន នារីម៉ាស្សាចំនួន៣នាក់ និង វត្ថុតាង ពាក់ព័ន្ធ មួយចំនួនផ្សេងទៀត។

ឥឡូវនេះ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់ការិយាល័យប្រឆាំង​ការ​ជួញដូរមនុស្ស និងការពារអនីតិជន​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំណែកឯ នារីម៉ាស្សា ទាំង៣ នាក់ ត្រូវបានបញ្ជូនទៅ កាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ៕

ដោយ: លីហ្សា

To Top