ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ជាមួយប្រធានាធិបតី ទីម័រខាងកើត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោក Jose Ramos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងឱកាសដែល លោកប្រធានាធិបតី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ របស់ លោកប្រធានាធិបតី Jose Ramos Horta មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ កម្ពុជា-ទីម័រខាងកើត។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះ លោក Jose Ramos Horta ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅប្រទេសទីម័រខាងកើត កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ ដែលជាការចូលកាន់តំណែងប្រមុខរដ្ឋលើកទី២។

លោក ប្រធានាធិបតីទីម័រខាងកើត បានសម្តែងនូវការពេញចិត្តចំពោះឱកាសដ៏មានអត្ថន័យ សម្រាប់ជំនួបសំណេះសំណាលជាមួយ លោក ហ៊ុន ម៉ាណែត និងបានរំឭកអំពីភាពជាអ្នកដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ ដែល សម្តេចតេជោ មានចំពោះប្រទេស និងប្រជាជនទីម័រខាងកើត។

ជាមួយគ្នានេះ លោក ប្រធានាធិបតី បានកត់សម្គាល់អំពីស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅក្រោយការបញ្ចប់ទាំងស្រុងនៃជម្លោះរុំារ៉ៃរាប់ទសវត្សរ៍ ដោយ លោក បានវាយតម្លៃថា ជាការអភិវឌ្ឍដែលមានលក្ខណៈជាក់ស្តែង និងប្រាកដនិយម។

ក្រៅពីនេះ លោក ប្រធានាធិបតី និងលោកឧត្តមសេនីយ៍ ក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីទំនាក់ទំនងប្រកបដោយសក្តានុពល រវាងប្រទេសទាំងពីរ ជាពិសេសអំពីទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍ វិស័យវិនិយោគ ពាណិជ្ជកម្មនាំចេញ-នាំចូល កសិកម្ម អប់រំ ថាមពល និងការបើកជើងហោះហើរត្រង់ ជាដើម៕

To Top