ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័ត ហិរញ្ញប្បទានជាង៣០លានដុល្លារ ដើម្បីជំរុញសេវាសុខាភិបាលតាមព្រំដែនកម្ពុជា (Video)

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន៣២.៥លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែលពលរដ្ឋចំណាកស្រុកចាកចេញ និង ត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើ នៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី នាពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ (GMS) កម្ពុជា នឹងពង្រីកការគ្របដណ្តប់នៃការថែទាំសុខភាពសម្រាប់ពលករចំណាកស្រុកដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្រៅប្រទេសមិនទាន់ទៅដល់ និងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដែលជនចំណាកស្រុកឆ្លងកាត់ និងរស់នៅ។
គម្រោងនេះនឹងបង្កើនកម្ចីសម្បទានចំនួន ២៧ លានដុល្លារ និងជំនួយរហូតដល់ ៥,៥ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន ពង្រីកកិច្ចគាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក និងពង្រឹងប្រព័ន្ធសម្រាប់សមាហរណកម្មនៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន រួមទាំងការបង្កើតឱ្យមានកំណត់ត្រាសុខភាពអេឡិចត្រូនិចចល័តសម្រាប់ជនចំណាកស្រុកផងដែរ។

មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Rikard Elfving បានថ្លែងថា «កិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់ នៅទូទាំងមហាអនុតំបន់មេគង្គ បានជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការចល័តរបស់មនុស្សកាន់តែច្រើនដើម្បីស្វែងរកការងារ និងឱកាសកាន់តែប្រសើរ។ វាក៏បានបង្កជាបញ្ហាប្រឈមផ្នែកសុខភាព ដែលទាក់ទងនឹងការចល័តរបស់មនុស្សសម្រាប់តំបន់ព្រំដែនដែលភ្ជាប់ទៅនឹងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ»។

លើសពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

To Top