នយោបាយ

នាយករដ្ឋមន្ត្រី ប្រាប់ក្រុមប្រឆាំងថា បើហ៊ានប្រើអាវុធ អ្នកឯងក៏ត្រូវប្រឈម ជាមួយអាវុធដែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងយ៉ាងខ្លីថា ប្រសិនបើអ្នកឯងហ៊ានប្រើប្រដាប់អាវុធ ឬហិង្សាបែបប្រដាប់អាវុធ អ្នកឯងក៏ត្រូវប្រឈម ជាមួយអាវុធដែរ គ្មានអ្នកណាសុខចិត្តឱបដៃ ឲ្យវ៉ៃ ឬចាប់ខ្លួននោះទេ ។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី តែងតែធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ងើបឡើងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត ​នៅថ្ងៃទី២០ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចំពោះផែនការបង្កចលាចលនោះរាជរដ្ឋាភិបាលក៏បានត្រៀមរៀបចំខ្លួន សម្រាប់ហេតុការណ៍ដ៏អាក្រក់បំផុត ព្រោះក្រុមប្រឆាំងមិនមានកម្លាំងហួសហេតុ រហូតដល់ដូចពួកខ្មែរក្រហម វ៉ៃដណ្ដើមកាន់កាប់ទឹកដី ដូចជាវ៉ៃយកទឹកដីប៉ៃលិន វ៉ៃចូលគៀកបាត់ដំបងនោះឡើយ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «យើងក៏បានត្រៀមជាយថាហេតុ បើអ្នកឯងប៉ុនប៉ងបង្កចលាចលយើងក៏មិនខ្លាចញញើតជាមួយនឹងការប្រើប្រាស់កម្លាំងដើម្បីទប់ស្កាត់ ការបំផ្លិចបំផ្លាញ ឬការធ្វើវិទ្ធង្សនា និងបង្កើតចលាចលនោះទេ នេះជាសារមួយសម្រាប់ពួកអ្នកឯងឲ្យបានច្បាស់» ។

សម្ដេចតេជោបន្តថា «បើសិនជាអ្នកឯង ហ៊ានប្រើប្រដាប់អាវុធ ឬហិង្សាបែបប្រដាប់អាវុធ អ្នកឯងក៏ត្រូវប្រឈមជាមួយអាវុធដែរ គឺគ្មានអាជ្ញាធរណា សុខចិត្តឈរឱបដៃឲ្យអ្នកឯងមកវ៉ៃ ឬចាប់ខ្លួននោះទេ» ។

សម្ដេចតេជោ បានចោទសួរទៅក្រុមប្រឆាំងថា កុំចង្អុលឲ្យមកចាប់ ហ៊ុន សែន ហើយតើកម្លាំងអ្នកឯង មានប៉ុន្មានទៅដើម្បីមកចាប់ ហ៊ុន សែន បាននោះ ?

សម្ដេចបន្ថែមថា ការប្រើប្រាស់នូវរបៀបញ៉ុះញុងបង្កចលាចល និងឲ្យកម្លាំងប្រដាប់បែរចុងកាណុង មករដ្ឋាភិបាល ឬមិនឲ្យកម្លាំងប្រដាប់អាវុធ ស្ដាប់បទបញ្ជាគឺជាអំពើប្រឆាំងជាមួយច្បាប់ ដែលអ្នកឯងត្រូវមានទោសបន្ថែមទៀត ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងបក្សនយោបាយនានា បានចេញញត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ងើបឡើងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ៕

To Top