ព័ត៌មានជាតិ

តុលាការរាជធានី ភ្នំពេញ បន្តជម្រះលោកសម រង្សី  និង គូកន ៣៩នាក់  ជាប់ពាក់ ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលកម្ពុជា 

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២ នេះ  បានបន្តបើកសវនាការជំនុំជម្រះ កំបាំងមុខ លោកសម រង្ស៊ី និង គូកន សរុបចំនួន៣៩នាក់ ក្នុងបទល្មើសថ្មីផ្សេងទៀត    ជាប់ពាក់ព័ន្ធនឹងបទល្មើស រួមគំនិតក្បត់ តាមរយៈ ផែនការ ការធ្វើមាតិភូមិនិវត្តន៍ របស់លោកស្រី មូរ សុខហួរ និង លោកអេង ឆៃអ៊ាង ពីប្រទេសអាមេរិក មកកម្ពុជា ដើម្បី តតាំងនឹងរឿងក្តីក្តាំ របស់ពួកគេ នៅក្នុងតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ ។

សវនាការនេះ ត្រូវបានដឹកនាំ ដោយលោក ស្រីចៅក្រម អ៊ុក រ៉េតគន្ធា  ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង សេង ហៀង គឺជាតំណាង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងមានមេធាវីការពារក្តី ចាត់តាំងរបស់ជនជាប់ចោទ ទាំងអស់ បានចូលរួមផងដែរ។

យោងតាមឯកសាររបស់តុលាការ បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទសរុប ចំនួន៣៩ នាក់ ក្នុងនោះ  រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោកស ច័នដេត,លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ( អ្នកទាំងនេះ ស្ថិតនៅក្រៅឃុំ-រត់គេចខ្លួន) និង អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាប់ក្នុងឃុំ ចំនួន ៣នាក់ផ្សេងទៀត។

ជនជាប់ចោទទាំង៣៩នាក់ ខាងលើនេះត្រូវបានជាប់ចោទពីបទ « រួមគំនិតក្បត់ » តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ។

ចំពោះជនជាប់ចោទទាំង៣នាក់ ដែលត្រូវបានចាប់ឃុំខ្លួន និង បានបញ្ជូនខ្លួន មកធ្វើសវនាការនៅថ្ងៃនេះ មានឈ្មោះ : ទី១-ឈ្មោះ គង់ ម៉ាស់ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ, ទី២-ឈ្មោះ ខាន់ ប៊ុនផេង ភេទ ប្រុស អាយុ៦៦ ឆ្នាំ, និង ទី៣-ឈ្មោះ វឿង សំណាង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ។

សូមបញ្ជាក់ថា: នាពេលសវនាការ, ជនជាប់ចោទទាំង៣ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ ពួកគេ។

ពួកគេនិយាយថា មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់ របស់តុលាការនោះទេ។ សូមឱ្យ ក្រុមប្រឹក្សាជំនុំជម្រះ តុលាការរាជធានីភ្នំពេញ មេត្តា ជួយរកយុត្តិធម៌ និង ការពិត ដល់ពួកគេផង។

សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ  នៅព្រឹកថ្ងៃទី ៣ខែ តុលា  វិច្ឆិកា ឆ្នាំ ២០២២ខាងមុខ នេះទៀត។

គួររំលឹកថា កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស កំបាំងមុខ លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ កំណត់ អស់មួយជីវិតព្រមទាំង ដកហូតសិទ្ធិបោះឆ្នោត ផងដែរ បន្ថែមទៅលើ បទល្មើស និង ទណ្ឌកម្មរបស់គាត់ ពីមុនៗ ជាច្រើនទៀត ជាប់ពាក់ព័ន្ធនឹងបទល្មើស ក្បត់ជាតិ រួមគំនិតក្បត់ និង អំពើញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ជាអាទិ៍។

នាពេលកន្លងមក, សាលាដំបូងរាជធានីភ្នំពេញ ក៏បាន កាត់ទោសកំបាំង ជនជាប់ចោទ ជាគូកន ផ្សេងទៀត របស់លោកសមរង្ស៊ី រួម មានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង គឺជាប់ពន្ធនាគារចំនួន២២ឆ្នាំ និង លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ ,លោក អ៊ូ ច័ន្ទឫទ្ធិ ,លោក ហូរ វ៉ាន់ ,លោក ឡុង រី , និង លោក នុត រំដួល ត្រូវជាប់គុក ក្នុង ម្នាក់ៗ កំណត់ ២០ឆ្នាំផងដែរ៕

ដោយ៖ លីហ្សា

To Top