នយោបាយ

នាយករដ្ឋមន្ត្រី អំពាវនាវបណ្តាគណបក្សនយោបាយ ឱ្យសកម្មជនខ្លួន ទៅចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្តាគណ បក្សនយោបាយទាំងអស់ ជំរុញសកម្មជននិងអ្នកគាំទ្រខ្លួន ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយកុំបន្ទោសពេល បោះឆ្នោតអត់មានឈ្មោះក្នុងបញ្ជី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ តុលា ក្រោយអញ្ជើញទៅប្តូរព័ត៌មានថ្ងៃខែឆ្នាំ កំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ ក្រុងតាខ្មៅ។

សម្ដេចតេជោ បានអំពាវនាវដល់ បណ្តាគណបក្សនយោបាយ ជួយអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកគាំទ្រខ្លួនឲ្យបានចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ករណីនេះមិនមែនតែតួនាទី របស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ឬគណបក្សប្រជាជននោះទេ ប៉ុន្តែក៏ជាចំណែកកាតព្វកិច្ចរបស់គ ណបក្សនយោបាយទាំងអស់ផងដែរ។

សម្តេចបញ្ជាក់ថា «គណបក្សនយោបាយទាំងអស់ បើសិនកសាងចំនួនសមាជិកខ្លួន អ្នកគាំទ្រខ្លួន ប៉ុន្តែបើអត់បានចុះឈ្មោះ បោះឆ្នោតក៏អត់មានន័យអ្វីដែរ ។ ដូច្នេះជាការចាំបាច់ណាស់ សម្រាប់គណបក្សនយោបាយ ក្នុងការអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រខ្លួនឲ្យទៅ ចុះឈ្មោះបោះឆ្នោតកុំឲ្យបន្ទាប់ពី ការបោះឆ្នោតបែរជាថា ពួកសមាជិកខ្ញុំអត់បានបោះឆ្នោត»។

សម្តេចលើកឡើងថា ក្នុងករណីសមាជិកគណបក្សនយោបាយ ណាមួយមិនបានបោះឆ្នោតហើយថា ជាកំហុសរបស់ គ.ជ.ប​ប៉ុន្តែផ្ទុយទៅវិញ នោះជាកំហុសរបស់គណបក្ស នយោបាយនោះទេមានសមាជិកគាំទ្រ តែមិនបានជំរុញឲ្យមកចុះឈ្មោះបោះឆ្នោត។ ម្យ៉ាងទៀតអ្នកដែលមានសិទ្ធិ គាំទ្រគណបក្សនយោបាយ មិនព្រមមកបំពេញកាតព្វកិច្ចដើ ម្បីគ្រប់លក្ខខណ្ឌមានសិទ្ធិបោះឆ្នោត ៕

To Top