ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ មន្រ្តីពាក់ព័ន្ធពិសេសមន្រ្តី ធ្វើអត្រានុកូលដ្ឋាន និងអត្តសញ្ញាណប័ណ្ណ ត្រូវជួយពន្លឿនរាល់ការបញ្ជាក់ឬ ការធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យពលរដ្ឋបានមកធ្វើការ បោះឆ្នោតឬផ្ទេរឈ្នោះបោះឆ្នោត ពីទីកន្លែងមួយទៅកន្លែងមួយទៀត ទាន់ពេលវេលា តាមការកំណត់របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅក្រុងតាខ្មៅ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះថា “ខ្ញុំអំពាវនាវឲ្យមន្រ្តីអត្រានុកូលដ្ឋានទាំងអស់ នៅគ្រប់ទីកន្លែង ត្រូវយកការបញ្ជាក់ណា ដែលអាចយកធ្វើជាការ ចុះឈ្មោះបោះឆ្នោតបាន ដែលមានក្រៅពីអត្តសញ្ញាណប័ណ្ណ អាចមានលិខិតស្នាមផ្សេងៗទៀត ដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានណែនាំ។ ខ្ញុំក៏អំពាវនាវមន្រ្តីពាក់ព័ន្ធ ជួយធ្វើការបញ្ជាក់ ជួយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យពលរដ្ឋបានមកធ្វើការ បោះឆ្នោតឬផ្ទេរឈ្នោះបោះឆ្នោត ពីទីកន្លែងមួយទៅ កន្លែងមួយទៀតទាន់ពេលវេលា ក្នុងរយៈពេលដែលកំណត់ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
