ភ្នំពេញ ៖ ប្រធានសភាកម្ពុជា បានគំាទ្រពេញទំហឹង ចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ ។
ការគាំទ្រខណៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការ គួរសមជាមួយ លោកបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា (José Ramos Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ខណៈ លោក ប្រធានាធិបតី បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ។
លោកបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា បានសម្តែង ការអបអរសាទរ និងក្តីសប្បាយរីករាយ ដោយឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ លោកប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កម្ពុជា ដែលបានគំាទ្រយ៉ាងខ្លំាងក្លា ដល់ប្រទេសទីម័រឡេស្តេ ក្នុងការបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ ។
ប្រទេសទីម័រឡេស្តេ នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជា លើគ្រប់វិស័យឱ្យរឹងមាំថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ទីម័រឡេស្តេនិងកម្ពុជា នឹងមានជើងហោះហើរត្រង់ជាមួយគ្នា ។
សម្តេចហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី នៅកម្ពុជា នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ ឱ្យបានកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។
សម្តេចបានបញ្ជាក់ថា កម្ពុជាបានគំាទ្រពេញទំហឹង ចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ និងចូលជាសមាជិក អន្តរសភាអាស៊ាន សម្រាប់សភាប្រទេសទីម័រឡេស្តេ ផងដែរ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគម អាស៊ាន ពិតជាមានសារសំខាន់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត ដែលសភាពការណ៍សកលលោក មានការប្រែប្រួល ការវិវឌ្ឍឥតឈប់ឈរ ៕