ព័ត៌មានជាតិ

បំរាម! ប្រតិបត្តិករល្បែងផ្សងសំណាង ដាច់ខាតមិនត្រូវលួចបង្កប់កត់កន្ទុយលេខឡើយ

ភ្នំពេញ ៖ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានណែនាំដល់ប្រតិបត្តិការល្បែងផ្សងសំណាងនៅកម្ពុជា ដាច់ខាតមិនត្រូវលួចលាក់បង្កប់ កត់បន្ទុយលេខខុសច្បាប់ឡើយ។

យោងតាមសេចក្ដីណែនាំរបស់ គ.ល.ក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករល្បែងផ្សងសំណាង ដែលទទួលបានអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់នីតិភាពពី គ.ល.ក អាចធ្វើប្រតិបត្តិការអាជីវកម្ម ដោយស្របច្បាប់នៅកម្ពុជា។

គ.ល.ក បន្ដថា ប្រតិបត្តិករល្បែងផ្សងសំណាង ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំង ដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណ អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតជាប៉ុស្ដិ៍សេវាពី គ.ល.ក។ ជាពិសេស ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាធរបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតជាប៉ុស្ដិ៍សេវាពី គ.ល.ក ប្រសិនបើមានបំណងធ្វើប្រតិបត្តិការអាជីវកម្ម នៅទីតាំងផ្សេងទៀត ក្រៅពីទីតាំងដែលបានបញ្ជាក់ នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិតបញ្ជាក់នីតិភាព។

គ.ល.ក បន្ថែមថា ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណ ល្បែងផ្សងសំណាង អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតជាប៉ុស្ដិ៍សេវាពី គ.ល.ក ឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើម នៅទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ ត្រូវបំពេញចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាងប្រចាំខែ និងត្រូវបង់មូលនិធិសង្គមរបស់ គ.ល.ក ឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា។

គ.ល.ក បានបញ្ជាក់ថា «ហាមឃាត់ដាច់ខាត នូវរាល់សកម្មភាពលួចលាក់ បង្កប់កត់កន្ទុយលេខខុសច្បាប់។ ក្នុងករណីប្រតិបតិ្តករល្បែងផ្សងសំណាង មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈម នឹងការដាក់ទណ្ឌកម្មរដ្ឋបាល ឬពិន័យអន្ដរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគិតយុត្តជាធរមាន»៕

To Top