ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំដំណាក់កាលទី២ ជាមួយ តំណាងអង្គការសង្គមស៊ីវិល ដើម្បីបន្តពិគ្រោះយោបល់ពាក់ព័ន្ធនឹងខ្លឹមសារវិសោធនកម្ម នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២០ តុលា នេះបានឱ្យដឹងថា «ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល នឹងរៀបចំកិច្ចប្រជុំដំណាក់កាលទី២ ជាមួយ តំណាងអង្គការសង្គមស៊ីវិល ដើម្បីបន្តពិគ្រោះយោបល់ពាក់ព័ន្ធ នឹងខ្លឹមសារវិសោធនកម្ម នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង ៨ព្រឹក នៅទីស្ដីការក្រសួងមហាផ្ទៃ»៕