ព័ត៌មានជាតិ

ប្រធានាធិបតីទីម័រឡេស្តេ ជឿជាក់ថា កម្ពុជា-ទីម័រឡេស្តេ នឹងពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកធំធាត់បន្ថែមទៀត

ភ្នំពេញ៖ លោក ចូហ្សេ រ៉ាម៉ូស ហរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ បានជឿជាក់ថា កម្ពុជា-ទីម័រឡេស្តេ នឹងខិតខំពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកធំធាត់បន្ថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា លោក ចូហ្សេ រ៉ាម៉ូស ហរតា បានថ្លែងថា «ប្រទេសទាំងពីរនឹងខិតខំពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកធំធាត់បន្ថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ ប្រទសកម្ពុជាក៏អាចនាំអង្ករ និងសម្ភារផ្សេងៗ ទៅកាន់ប្រទេសទីម័រឡេស្តេផងដែរ»។

លោកបានគូសបញ្ជាក់ថា នៅពេលដែលប្រទេសទីម័រឡេស្តេបានចូលជាសមាជិកអាស៊ាន ប្រទេសទីម័រឡេស្តេនឹងខិតខំប្រឹងប្រែងឱ្យអស់ ពីកម្លាំងកាយចិត្តថែមទៀត ដើម្បីធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងលើកកម្ពស់ការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ប្រកបដោយវិបុលភាព និងចីរភាព។

តាមរយៈជំនួបសវនាការនាពេលនេះ លោកប្រធានាធិបតីសង្ឃឹមថា នឹងខិតខំប្រឹងប្រែង ពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាពីរ ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសការឈានដល់ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យមានការហោះហើរ និងការផ្លាស់ប្តូរការធ្វើដំណើរតាមផ្លូវអាកាស។ ជាងនេះទៅទៀត នឹងខិតខំបង្កឱកាសឱ្យសហគ្រិនកម្ពុជា ទៅវិនិយោគនៅប្រទេសទីម័រឡេស្តេ។

នាឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះបានស្ដែងឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃប្រទេសទាំងពីរ ជំនួបតាមប្រព័ន្ធ វីដេអូ ការផ្ញើរសារជូនពរទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

To Top