ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស អតីតយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និង គូនកន    ជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត និងបទ បរិហាបង្កាច់កេរ្តិ៍

ភ្នំពេញៈ  សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស អតីតយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និង គូកន ម្នាក់ទៀត ឈ្មោះ សូ បិនឡា  ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១ ឆ្នាំ  និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន១០លានរៀល ជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហាបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាល ពីឆ្នាំ ២០១៩។

លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងថា៖  នៅក្នុងសំណុំរឿងក្តីនេះ  ជនជាប់ចោទ ឈ្មោះសូយ ចាន់សឿន ភេទ ប្រុស អាយុ ៤៥ឆ្នាំ (ជាអតីតយោធាផ្កាយ ២) មានទីលំនៅផ្ទះលេខ ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ( បច្ចុប្បន្ននេះ កំពុងជាប់ឃុំនៅ ពន្ធនាគារខេត្តកំពង់ស្ពឺ) និង  ឈ្មោះ សូ បិនឡា អាយុ ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ត្រូវបានជាប់ចោទពីបទ «ប្រើអំពើហិង្សាលើអ្នក កាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហាបង្កាច់កេរ្ត៍» តាមមាត្រា២៥៣ នៃច្បាប់ភូមិបាល នឹងមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល  និង នៅលើបណ្ដាញសង្គម កាលពីឆ្នាំ ២០១៩ ។

ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ធី សូចន្នា  ក៏ត្រូវបានតុលាការផ្ដន្ទាទោស ដោយត្រូវបានពិន័យ ជាប្រាក់ចំនួន១លានរៀលផងដែរពីបទ«បរិហាបង្កាច់កេរ្តិ៍» ។

ជនជាប់ចោទទាំង៣នាក់ ត្រូវបាន ប្តឹងដោយ ឈ្មោះ កើត ខេង ភេទ ប្រុសអាយុ ៥០ឆ្នាំ មុខរបរជាអាជីវករ ជាភាគីដើមបណ្តឹង៕

ដោយៈ លីហ្សា

To Top