ព័ត៌មានជាតិ

ថ្ងៃទី១! ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង ១ម៉ឺននាក់ និងលុបឈ្មោះចេញ ពីបញ្ជីជាង ៥ពាន់នាក់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា លទ្ធផលបណ្ដោះអាសន្ន ថ្ងៃទី១ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១៦.៤៣៣នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៥.៤៤២នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២១ តុលា នេះ បញ្ជាក់​ថា «ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៦.៤៣៣ នាក់, អ្នកដែលនឹងត្រូវលុប ឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៤៤២ នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៩៥០ នាក់, អ្នកដែលបានផ្ទេរ ទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.១៤២ នាក់។

គ.ជ.ប ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រា មិនបានត្រឹមត្រូវ ។ លើសពីនេះ ប្រជាពលរដ្ឋដែល ទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

To Top