ព័ត៌មានជាតិ

លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជន ចុះជួយស្រុកខ្សាច់កណ្តាល  អញ្ជើញជួបសំណេះសំណាល ជាមួយ សិស្សានុសិស្សត្រៀមប្រឡង បាកឌុប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានបន្តអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយ លោកនាយកនាយករង នាយិការង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែនព្រែកលួង សរុប ៣២៥ នាក់ ។ 

ឆ្លៀតឱកាសនេះ លោក កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់។  ជាពិសេសលោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយស្មោះស្ម័គ្រ ជូនចំពោះ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃក្នុងការបង្រៀនបំប៉នបន្ថែមម៉ោង ដល់ប្អូនៗសិស្សានុសិស្សដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង២៦៩ នាក់នេះ។ 

បន្ថែមលើនេះ, លោកបណ្ឌិត កៅ ថាច បានធ្វើការរំលឹក អំពីកត្តាប្រវត្តសាស្ត្រ ដែលប្រទេសកម្ពុជាបានឆ្លងកាត់ ជាពិសេសលើសម័យកាលដ៏ខ្មៅងងឹត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃដែលកម្ពុជាត្រូវបំផ្លិចបំផ្លាញទាំងស្រុង នូវឯកសារសំខាន់ៗ និងធនធានមនុស្ស ដែលធ្វើអោយយើងបាត់បង់យ៉ាងធំធេង និងត្រូវធ្វើការក៏សាងឡើងវិញដោយបាត់ដៃទទេរ ទំរាំកម្ពុជាបានមកដល់ចំនុចនេះ។ ការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹង លើប្រព័ន្ធអប់រំនៅកម្ពុជា បានធ្វើអោយកម្មវិធីសិក្សាអប់រំ មានការរីកចំរើនខ្លាំង។សិស្សានុសិស្សបានខិតខំ ពង្រឹងខ្លួនទាំងសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ។  ជាក់ស្តែងលទ្ធផល នៃការប្រឡងបាក់ឌុបក្នុងឆ្នាំកន្លងមក បានបង្ហាញពីភាពជោគជ័យ នៃកំណែទម្រង់ប្រព័ន្ធអប់រំ តាមរយៈពាក្យស្លោក អ្នកចេះគឺជាប់។ 

ជាមួយគ្នានោះ លោកបណ្ឌិត បានធ្វើការចែករំលែក នូវបទពិសោធន៍ដែលលោកបណ្ឌិតផ្ទាល់ បានឆ្លងកាត់ក្នុងវ័យសិក្សា ជូនដល់ប្អូនៗបានជ្រាប និងអាចយកទៅអនុវត្តបន្តបាន។ លោកបណ្ឌិត បានជូនយោបលដល់ប្អូនៗ សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រប្រកបដោយ អង្គបួនតាមពុទ្ធឱវាទគឺ សុត (ស្តាប់) ចិន្ត (គិត) បុច្ឆ (សួរ) លិខ (ស្តាប់ គិត សួរ កត់ត្រា) ដែលសម្រាយខ្លីមកហៅថាសុ.ចិ.បុ.លិ.  ហើយប្ងូនៗត្រូវមានភាពក្លាហាន កុំខ្មាស់អៀន ក្នុងការសាកសួរនូវចម្ងល់  ផ្សេងៗពីអ្នកដែលចេះជាងយើង រួមមានលោកគ្រូ អ្នកគ្រូជាដើម។ ដូចពាក្យស្លោកខ្មែរបានពោលថា ” ចង់ចេះអោយសំលាប់អាចារ្យ បើចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់ “។ 

ជាងនេះទៅទៀត លោកបណ្ឌិត កៅ ថាច បានបន្តលើកទឹកចិត្ត និងណែនាំប្អូនៗ ត្រូវរៀបចំខ្លួនឱ្យមានរបៀបរៀបរយ មានវិន័យក្នុងការសិក្សា និងចាំបាច់បំផុតត្រូវរៀបចំកាលវិភាគច្បាស់លាស់សម្រាប់ម៉ោងសិក្សា ក៏ដូចជាម៉ោងការងារ។  សកម្មភាពប្រចាំថ្ងៃល្អដោយអនុលោមតាមផែនការ កាលវិភាគតត្រឹមត្រូវ នឹងនាំឱ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិតសិក្សា ក៏ដូចជាអាជីពការងារជាក់ជាមិនខាន។ 

ក្នុងឱកាសនោះ លោកក៏បានបន្តលើកទឹកចិត្តប្អូនៗ ត្រូវតែធ្វើការស្រាវជ្រាវ ចំណេះដឹងថ្មីៗបន្ថែម ស្របតាមការវិវឌ្ឍក្នុងបរិការណ៍ថ្មីៗ ជាពិសេសសម័យឌីជីថល ដែលក្នុងនាមយុវជនត្រូវដើរតាមអោយទាន់ ហើយត្រូវយកចំណេះដឹងទាំងនោះ ទៅចែករំលែកបន្តដល់មិត្តភក្ត សិស្សប្អូន និងសម្រាប់ជាឧត្តមប្រយោជន៍របស់ខ្លួន។ ជាមួយគ្នានេះ លោកបណ្ឌិត បានស្នើសុំប្អូនៗ បន្តការអានសៀវភៅធ្វើការស្រាវជ្រាវ ឱ្យបានច្រើន ពីព្រោះការអាន ធ្វើឱ្យយើងទទួលបានចំណេះដឹងថ្មីៗ និងដើរទាន់ការវិវឌ្ឍន៍របស់ពិភពលោក។ម្យ៉ាងទៀតក្នុងនាមប្អូនៗជាយុវជន យុវនារី ជាធនធានមនុស្សល្អ និងជាសេចក្តីសង្ឃឹមរបស់អាណាព្យាលបាល។ ដូចនេះប្អូនៗត្រូវប្រែក្លាយខ្លួន ជាសិស្សពូកែ មានចំណេះដឹង ជំនាញច្បាស់លាស់ ក្លាយជាពលរដ្ឋល្អ សិស្សល្អ និងជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ 

លោកក៏បានធ្វើការថ្លែងអំណរគុណ និងផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូសូមបន្តជួយបណ្តុះបណ្តាលទាំងជំនាញទន់ និងជំនាញរឹង និងជួយបណ្តុះស្មារតីសិស្ស ឱ្យចេះស្រឡាញ់កីឡា ស្រឡាញ់ការងារសង្គមជាតិ បណ្តុះឥរិយាបទឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ល្អ។  ជាពិសេស ជួយបណ្តុះឱ្យសិស្ស មានភាពម្ចាស់ការ និងឯករាជ្យក្នុងសិក្សា ស្រាវជ្រាវ និងបណ្តុះការអានសៀវភៅឱ្យបានច្រើន។

ចុងបញ្ចប់លោកបណ្ឌិត បាននាំយកថវិកាដ៏ថ្លែថ្លា របស់លោកគបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូដែលបានចំណាយពេលបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខ៖

១.ជាមួយគ្នានេះដោយមានការស្នើសុំបន្ថែម ពីតំណាងវិទ្យាល័យ, លោកបណ្ឌិត កៅ ថាច ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានធ្វើរឧបត្ថម្ភទឹកប្រាក់ចំនួន ៣០០០$ សម្រាប់វិទ្យាល័យធ្វើការបំពាក់គ្រឿងសង្ហារឹម តុ កៅ អីក្តាខៀន សម្រាប់អគារថ្មីចំនួន២បន្ទប់ ផងដែរ។ 

២.ជូនលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ព្រែលួង ចំនួន ៧ ៥០០ ០០០ រៀល, សិស្សានុសិស្សចំនួន២៦៩នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធីចំនួន ២ ៦០០ ០០០ រៀល ផងដែរ៕

To Top