ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២ នេះ បានធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខ ស្នើសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទ ឈ្មោះ អៀ ចាន់ណា ដែលត្រូវបានចាប់ឃាត់ខ្លួន និង សព្វថ្ងៃនេះ បានកំពុងតែជាប់គុក នៅក្នុង មណ្ឌលកែប្រែ១ (ម១) នៅក្នុងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងបទល្មើស គំនិតក្បត់ ប្រព្រឹត្តទៅកាលពីឆ្នាំ២០២០ ។
លោក និល ណុន ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ អៀ ចាន់ណា ភេទប្រុស អាយុ ៤១ ឆ្នាំ ( កើតកើតនៅឆ្នាំ ១៩៨១ ) មានមុខរបរមុខចាប់ខ្លួន ជា សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា , ជាអតីតសមាជិកចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ និង ជាតំណាងយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ប្រចាំនៅ ប្រទេសន័រវេ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ សម្រេចបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ ពីបទ ” គំនិតក្បត់ ” តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ។
តែគាត់ ប្តឹងរឧទ្ទរណ៍ ។ សាលាឧទ្ធរណ៍ បានតម្កល់ តម្កល់សាលក្រមរបស់តុលាការរាជធានីភ្នំពេញ រក្សាទុកជាបានការដដែល ។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទឈ្មោះ អៀ ចាន់ណា ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីការបស់ចៅក្រមស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញ។
តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃ ទី ២៨ ខែ តុលា ឆ្នាំ ២០២២ នេះ ៕
ដោយ: លីក្សា