ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាច នឹងបន្តឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០២៣ ខាងមុខ ខណៈការមូលត្រកូលរបស់ សមាជិកបក្សមានភាពរឹងមាំ ជិតកន្លះសតវត្សរ៍ ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គឺជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ៣ ២០០គ្រួសារបន្ថែមទៀត ដែលស្ម័គ្រចិត្តរើលំនៅឋាន ចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមិនបណ្ដែតបណ្ដោយ ឱ្យប្រជាពលរដ្ឋ រស់នៅដោយគ្មាន ការពឹងអាស្រ័យនោះទេ។
សម្ដេចអះអាងថា សម្ដេចអាចធ្វើជានាយករដ្ឋមន្រ្តី ១០ឆ្នាំទៀតបាន តែសម្ដេចមិនចង់នោះទេ។ ប៉ុន្តែទោះបីសម្ដេចចាកចេញពី តំណែងជានាយករដ្ឋមន្រ្តីក៏ដោយ សម្ដេចនៅតែជាមេដឹកនាំដ៏សំខាន់ ដែលគ្រប់គ្រងខាងនយោបាយ ទៅលើការអភិវឌ្ឍ និងការពារប្រទេសជាតិ ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច។
ពាក់ព័ន្ធនឹងការបោះឆ្នោត នាឆ្នាំ២០២៣ខាងមុខ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងសង្ឃឹមថា នៅក្នុងឆ្នាំ២០២៣ខាងមុខ គណបក្សប្រជាជន នឹងបន្តឈ្នះឆ្នោត តទៅទៀត ហើយសង្ឃឹមថា ប្រជាពលរដ្ឋយើងនៅទីនេះ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន» ។
សម្ដេចថា គេនឹងចោទថានេះ គឺជាការឃោសនាបោះឆ្នោតមុនអាណត្តិ មុនកាលកំណត់ ក៏ប៉ុន្តែនេះគឺជាសិទ្ធិនិយាយស្ដី របស់សម្ដេចអ្នកដទៃចេះតែ ទៅស្នើឱ្យគេបោះឆ្នោត ឱ្យតែសម្ដេចក៏ស្នើឱ្យប្រជាជន បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែរ។
ដោយឡែក ចំពោះភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ឯណោះវិញ សម្ដេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ថា «វាលំបាកនឹងរកណាស់នៅ លើពិភពលោកនេះ ដែលគណបក្សនយោបាយមួយ រស់នៅ ជាមួយគ្នា រហូតដល់ជិតកន្លះសតវត្សរ៍ហើយ មិនទៅណាចោលគ្នានោះ»។
សម្ដេចថា បក្សដទៃអត់ទេ ឱ្យតែចូលគ្នា បានត្រឹមតែ៣ឆ្នាំយ៉ាងយូរគឺ បែកព្រាត់ប្រាស់គ្នាអស់ហើយ ប៉ុន្តែគណបក្សប្រជាជន អត់មានការបែកបាក់នោះទេ។
សម្ដេចសង្កត់ធ្ងន់ថា «គ្មានគណបក្សនយោបាយណា មានរបៀបរស់នៅ ជាមួយគ្នា ដូចគណបក្សប្រជាជនកម្ពុជា ដែលរស់នៅមូលត្រកូលគ្នា បែបនេះនោះទេ គណបក្សដទៃដឹងតែខាំគ្នាយកតែម្ដង ដណ្ដើមសូម្បីតែឈរឈ្មោះ យកលេខ១ លេខ២ ទាស់គ្នាពេញទឹកពេញដី ប៉ុន្តែគណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់បែបនេះនោះទេ»៕