ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ប្រកាសសាងសង់ផ្លូវ២ខ្សែ បន្ថែមទៀត ឆ្លងកាត់ តំបន់រុនតាឯក និងពាក់ស្នែង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងមានការសាងសង់ផ្លូវ២ខ្សែបន្ថែមទៀត នៅប៉ែកខាងត្បូង និងខាងជើងក្រុងសៀមរាប សរុបប្រមាណជិត ១០០គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាជាង ១៣៧លានដុល្លារ សហរដ្ឋអាមេរិក។

ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៣ពាន់គ្រួសារ នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រសួងសាធាណការ និងដឹកជញ្ជូន កំពុងសិក្សាក្នុងការធ្វើផ្លូវវាងក្រុងសៀមរាប ប៉ែកខាងជើង ទៅហួសតំបន់រុនតាឯក និងពាក់ស្នែង ប្រវែងជាង ៥៥គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាចំនួនប្រមាណ ៤៦លានដុល្លារអាមេរិក ជាថវិកាសំណើរខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងអនុវត្តនៅឆ្នាំ២០២៤ ។

សម្ដេចតេជោ បន្តថា ផ្លូវនេះនឹងសាងសង់ ជាផ្លូវបេតុងប្រភេទអេស៊ី (AC) ទទឹង១១ម៉ែត្រ បែងចែកជា២កំណាត់ ដែលកំណត់ទី១. ប្រវែងជាង ៣៧គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ទីប្រជុំជនស្រុកថ្មពួក ដល់ផ្លូវជាតិលេខ៦៧ ប្រើប្រាស់ថវិកា ប្រមាណជាង ៣១លានដុល្លារ និងកំណាត់ទី២. ប្រវែង១៨គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦៧ ដល់ផ្លូវជាតិលេខ៦៤ ប្រើប្រាស់ថវិកាប្រមាណជាង ១៤លានដុល្លារ ហើយផ្លូវនេះនឹងមានឆ្លងកាត់តំបន់ ពាក់ស្នែងផងដែរ ។

សម្ដេចតេជោ បន្ថែមថា គម្រោងផ្លូវមួយទៀត ស្ថាបនាវាងក្រុងសៀមរាប ប៉ែកខាងត្បូង មានប្រវែងជាង ៤៥គីឡូម៉ែត្រ បានបញ្ចប់ការសិក្សាហើយ គ្រោងប្រើប្រាស់ថវិកាចំនួនប្រមាណ ៩១លានដុល្លារអាមេរិក គម្រោងនេះ អាចនឹងត្រូវផ្ដល់ឥណទានដោយសាធារណរដ្ឋកូរ៉េ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងនេះ ក៏មិនខុសពីតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯកនោះដែរ ដែលមានទាំងមន្ទីរពេទ្យ សាលរៀន វត្តអារាម ផ្សារ តបណ្ដាញអគ្គិសនី ទឹកស្អាតជាដើម ជាពិសេសនោះ គឺការទទួលបាននូវប័ណ្ណក្រីក្រ ។

ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជាថ្មី ដល់ពលរដ្ឋដែលយល់ព្រមរុះរើលំនៅដ្ឋានចេញពីតំបន់រមនីយដ្ឋានអង្គរ ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងត្រូវឈរនៅលើគោលការណ៍នាយករដ្ឋមន្ត្រីចំនួន២ គឺទីតាំងថ្មីត្រូវបានឈូសឆាយរួចរាល់ និងមានអ្នកដឹកជញ្ជូនមកកាន់កន្លែងថ្មីត្រឹមត្រូវ ៕

To Top