ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ ក្រុមហ៊ុនចំនួន៣ ដែលបានបោះទុនវិយោគ សរុបចំនួនជាង ១៤លានដុល្លារសហរដ្ឋអាមេរិក ក្នុងការបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ផលិតគ្រឿងបន្សំស្បែកជើង និងរោងចក្រស្ល និងកែច្នៃលោហៈធាតុ នៅក្នុងខេត្តកណ្ដាលនិងខេត្តព្រះសីហនុ។
គម្រោងធំៗរបស់ក្រុមហ៊ុនទាំង៣នោះរួមមានខាងក្រោម៖
១-“CHENG ZHEN YONG INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។


២-“XIN JIN HUA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអានមេរិក និងអាចបង្កើតការងារបានចំនួន ១.០៤១កន្លែង។


៣- “SUCCESS METAL TECHNOLOGY CO., LTD.” ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួនប្រមាណ ៧៥០កន្លែង៕


