ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

លោកបណ្ឌិត សូមសម្តែងនូវការអបអរសាទរ ចំពោះការបើកសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងថ្ងៃនេះ ដែលជាសមិទ្ធផលកើតចេញ ពីកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តយ៉ាងមោះមុត របស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាពិសេសក្នុងដំណាក់កាល នៃការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុននៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង និងការចែកចាយនៅលើទីផ្សារក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលត្រឹម ០២ ឆ្នាំប៉ុណ្ណោះ។ នេះគឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តខ្ពស់ និងទស្សនវិស័យច្បាស់លាស់ របស់ក្រុមហ៊ុនក្នុងការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាភាពធន់ជាមួយនឹងវិបត្តិកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឡើងវិញនៅក្រោយវិបត្តិ។

លោកបន្តថា ព្រឹត្តិការណ៍នេះ ក៏ជាមោទនភាពដោយបានឃើញ ក្រុមហ៊ុនក្នុងស្រុកថ្មីមួយទៀត តួយ៉ាងដូចជាក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នេះផ្ទាល់ ដែលបានប្រើប្រាស់ទុនវិនិយោគទាំងស្រុង ១០០% ជាទុនក្នុងស្រុក ដើម្បីបើកដំណើរការរោងចក្រដ៏ធំសម្បើម និងទំនើបមួយនេះ ដែលមានស្តង់ដារនៃការផលិតខ្ពស់ និងធានាបាននូវគុណភាពកាន់តែល្អប្រសើរ សម្រាប់អតិថិជនទាំងក្នុងស្រុក និងទីផ្សារក្រៅប្រទេស។ តាមរយៈនេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាបានចូលរួមចំណែក យ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក ដែលអាចបង្កើតការងារបានរហូតដល់ទៅ ៥០០ កន្លែងនៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែក បង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យ កសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។

លោកបណ្ឌិត កត់សម្គាលថា មួយវិញទៀត ការបើកដំណើរការរោងចក្រនាពេលនេះ ក៏បានបង្ហាញឱ្យឃើញអំពី សក្តានុពលនៃវិស័យ វិនិយោគនៅកម្ពុជា ជាពិសេសការគាំទ្រដល់ ការបោះជំហានទៅមុខ នៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី “ឧស្សាហកម្មអតិពលកម្ម” ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។ ក្នុងបរិការណ៍នេះ ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងការលើកទឹកចិត្តពី សំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ ដើម្បីធ្វើឱ្យវិស័យឯកជនអាច អភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ហើយអាចចូលរួមចំណែកដោយ ផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងការពង្រឹងភាពប្រកួតប្រជែង និងដោយប្រយោលតាមរយៈ ការបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ។

លោក ម៉ាណែត រំលេចផងដែរថា ពិតណាស់ ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ, សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការ វិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួលរងនូវ ឥទ្ធិពលពីខាងក្រៅប្រទេស។ ក្នុងស្មារតីនេះ, ក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញ ប្រកបដោយភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ា កំណើនប្រកបដោយចីរភាព, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយ វិស័យឯកជនក្នុងស្រុក ជាពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច។ ដើម្បីគោលដៅនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ, ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ប្រកប ដោយភាពប្រកួតប្រជែង ៕











