ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យ អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ ខេត្តបន្ទាយមានជ័យ ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដែលស្ថិតជាប់ នឹងខេត្តរបស់ខ្លួន ដូចជាប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មឱ្យបានល្អប្រសើរ ។

នេះជាប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកម្មពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១១០៧ នាក់ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ។

ក្នុងឱកាសនេះ សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀន ជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗ របស់ប្រជាពលរដ្ឋ ។ ទន្ទឹមនេះត្រូវយក ចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់ អោយអស់នូវភាពអសកម្មនានា ។

ជាមួយគ្នានោះផងដែរ សម្តេចតេជោ ក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយ ក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគី ណានោះទេ ត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍ ខេត្តបន្ទាយមានជ័យអោយកាន់តែរីកលូតលាស់ រីកចមម្រើនទៅមុខទៀត។

សម្តេចតេជោបានសង្កេត់ធ្ងន់ថា កិច្ចការដែលសម្រេចទៅបាន នាពេលកន្លងមកនេះ គឺអាស្រ័យ ដោយមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕


