ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តីនាថ្ងៃអនាគត បានលើកឡើងថាអ្នកដែលធ្លាប់ប្រឡូកផ្ទាល់ និងអ្នកដែលបានរងគ្រោះផ្ទាល់ ដោយសារការប្រយុទគ្នា ក្នុងដំណាក់កាលដែលប្រទេសមានសង្គ្រាម ទើបស្គាល់ និងចងចាំច្បាស់ អំពីការឈឺចាប់ដែលបង្កឡើងដោយសារសង្គ្រាម និងយល់ច្បាស់អំពីតម្លៃ នៃសន្តិភាពនិងការបង្រួបបង្រួមជាតិ។
តាមរយៈវីដេអូជាង៣នាទី ដែលបានផ្សព្វផ្សាយ នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ លោកហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា “អ្នកដែលធ្លាប់ប្រឡូកផ្ទាល់ និងអ្នកដែលបានរងគ្រោះផ្ទាល់ដោយសារការប្រយុទគ្នាក្នុងដំណាក់កាលដែលប្រទេសមានសង្គ្រាម ទើបស្គាល់និងចងចាំច្បាស់អំពីការឈឺចាប់ដែលបង្កឡើងដោយសារសង្គ្រាម និងយល់ច្បាស់ អំពីតម្លៃនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ”។
លោកបានបន្តថា “ខ្ញុំចង់ហៅអ្នកបបួលគ្នាធ្វើបាប បំផុសបំផុលបំផ្លាញសន្តិភាព ជួបជាមួយទាហានអ្នកច្បាំង។ ជួបជាមួយអតីតយុទ្ធជន អ្នកពិការ ជួបជាមួយគ្រួសារអតីតយុទ្ធជន គ្រួសារពលីដែលស្លាប់លើសមរភូមិឱ្យទៅមើលវិមានអនុស្សាវរីយ៍របស់អ្នកស្លាប់លើសមរភូមិតាមខេត្ត ហៅអ្នកនោះឱ្យមកមើលបានដឹង។ ឱ្យចុះកុងត្រាតែម្តង បើអ្នកឯងឱ្យគេប្រយុទ្ធ បើគេវ៉ៃគ្នា អ្នកឯងត្រូវតែមកដឹកមុខ។ ខ្ញុំថាគ្មានហ៊ានមកទេ នៅស្រុកបារាំងណុងហើយ”។
នៅក្នុងប្រសាសន៍នេះលោកបណ្ឌិត ហ៊ុន ម៉ាណែត មិនបានបញ្ចេញចំឈ្មោះជនដែលលោកសម្តៅដល់ជាអ្នកកំសាកបានតែញុះញង់ ហើយខ្វះភាពក្លាហានមកដឹកនាំចលនាដោយផ្ទាល់នោះឡើយ។ តែគេអាចដឹងបានថា ជនកំសាកដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្តៅដល់នេះ គឺជាទណ្ឌិត សម រង្ស៉ី ជនក្បត់ជាតិ៣ជំនាន់។
នៅក្នុងវីដេអូនេះដែរ លោក ហ៊ុន ម៉ាណែត បានអរគុណដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់មិនជឿតាមការញុះញង់បំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម។ ជាពិសេសកងទ័ព ដែលបានប្តេជ្ញាចិត្ត សម្រេចិត្តច្បាស់លាស់ ប្រកាន់ជំហរច្បាស់លាស់ក្នុងការការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់៕