ព័ត៌មានជាតិ

សម្តេចតេជោ៖ វត្តមានអ៊ុនតាក់ និងការចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ មិនបានធ្វើឱ្យកម្ពុជា មានសុខសន្តិភាព ពេញលេញនោះទេ

ភ្នំពេញ៖ ក្នុង​ថ្ងៃខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣​ តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាតួអង្គដ៏សំខាន់មួយ នៅក្នុងដំណើរការនៃកិច្ចព្រមព្រៀងនេះ បានចេញមុខបកស្រាយថា វត្តមានរបស់ អ៊ុនតាក់ និងការចំណាយលុយ ២.០០០ លានដុល្លាអាមេរិក មិនបានធ្វើឱ្យកម្ពុជា មានសុខសន្តិភាព ពេញលេញនោះទេ។

ការចេញមុខបកស្រាយនេះ បន្ទាប់ពីមានអ្នកវិភាគ និងអ្នកនយោបាយមួយចំនួន ដែលមិនបានចូលរួម ក្នុងកិច្ចដំណើរការ នៃកិច្ចព្រមព្រៀងនេះ តាំងខ្លួនជាអ្នកយល់ដឹងច្បាស់ និងអួតក្ដែងៗថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរំលោភលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ថ្លែងចេញពីទឹកដី នៃខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងចោទជាសំនួរថា តើការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជោគជ័យ ដោយតុលាការកូនកាត់ខ្មែរក្រហម មានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះដែរឬទេ។

សម្តេចតេជោបញ្ជាក់ថា «ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសម្រេចបានពិត ប៉ុន្តែអ៊ុនតាក់មិនអាចសម្រេចកិច្ចការ បានដោយបន្សល់ទុកឱ្យកម្ពុជាមានរដ្ឋាភិបាល២ គឺភាគីរដ្ឋាភិបាល និងខ្មែរក្រហម។ ដោយនយោបាយ ឈ្នះ ឈ្នះ ទើបកម្ពុជា រកបាននូវការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ»។
ចំណែក​នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចបានលើកឡើងថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួប ៣១ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក ស៊ឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

To Top