ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលទើបនឹងឡើងកាន់តំណែងក្ដៅៗ ឱ្យធ្វើការសិក្សាស្រាវជ្រាវ និងបញ្ជួនអ្នកបច្ចេកទេស ជួយដល់ប្រជាកសិករ ធ្វើយ៉ាងណាឱ្យការផលិតបានផល និងទទួលបាននូវប្រាក់ចំណេញច្រេីន ដោយប្រើប្រាស់ពូជនិងជី តិច។
ថ្លែងក្នុង ឱកាសអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈនៃការចែកពូជស្រូវនេះ គឺរដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ដែលបានពិនិត្យក្នុងពេលប៉ុនមានថ្ងៃនេះ គឺស្រូវពូជដែលបានចែកជូនទៅហើយនោះ គឺមានដុះល្អ ។
សម្ដេចតេជោ បានឱ្យដឹងថា ប៉ុន្តែអ្វីដែលជាចំណុចរកឃើញ នៅត្រង់ថា មានស្រែខ្លះមានលក្ខណៈក្រាស់ពេក ដែលមានចាំបាច់ឱ្យមានកែសម្រួលខាងបច្ចេកទេស សម្រាប់ការដាំដុះ ពាក់ព័ន្ធនឹងការព្រោះ តាមទំហំដីជាក់ស្ដែង និងការប្រើប្រាស់ជី លើសកម្រិត ដែលនាំឱ្យមិនមានការចំណេញ ។
សម្ដេចគូសបញ្ជាក់ថា «ដូច្នេះសង្ឃឹមថា រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី នឹងប្រើប្រាស់នូវឱកាសនេះ ដើម្បីស្រាវជ្រាវនិងជំរុញអ្នកបច្ចេកទេស ជួយដល់ប្រជាពលរដ្ឋរបស់យើង ធ្វើយ៉ាងមិចឱ្យការផលិតបានផលហើយ ទទួលបាននូវប្រាក់ចំណេញ ដោយមិនប្រើប្រាស់ពូជនិងជីច្រើនពេក ប៉ុន្តែទទួលបានផលដូចគ្នា»។
ក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានផ្ដាំ ឱ្យរដ្ឋមន្រ្តីកសិកម្មថ្មី ធ្វើយ៉ាងណាកុំឱកយជាប់ឈ្មោះ ជារដ្ឋមន្រ្តី រាជរដ្ឋាភិបាល «អត់ពូជ»។ ក្នុងន័យនេះ គឺសម្ដៅថា រាជរដ្ឋាភិបាលត្រូវមានធានានូវពូជស្រូវ និងពូជដំណាំដ៏ទៃទៀត សម្រាប់ត្រៀមជួយប្រជាពលរដ្ឋ នៅពេលរងគ្រោះធម្មជាតិ ។
សូមរំលឹកថា គិតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានបញ្ចេញពូជស្រូវ ប្រមាណ៧ពាន់តោន រួចមកហើយ ក្នុងការជួយសង្គ្រោះប្រជាកសិករ រងគ្រោះដោយទឹកជំនន់៕