ព័ត៌មានជាតិ

លោក វេង សាខុន ផ្ដាំប្រជាជន ទូទាំងខេត្តកំពង់ចាម ត្រូវបន្តចូលរួម ថែរក្សាសុខសន្តិភាព

ភ្នំពេញ៖ លោក វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានផ្តាំផ្ញើដល់ប្រជាជន នៃស្រុកកំពង់សៀម និង​ទូទាំងខេត្តកំពង់ចាមទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដោយត្រូវចូលរួមគាំទ្រសម្តេចតេជោ ដែលជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិរន្ត ដើម្បីរួមគ្នាឈានឆ្ពោះ ទៅទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាស លោក អញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ព្រះវិហារ នៅវត្តគង់វង្សរង្សី ហៅវត្តកោះកុក ស្ថិតក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ខេត្តកំពង់ចាម ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។

ឆ្លៀតយកឱកាសនេះ លោក វេង សាខុន បានមានមតិសំណេះសំណាល ជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនពុទ្ធបរិស័ទទាំងអស់ ដែលមានវត្តមាននៅទីនេះ និងបងប្អូននៅទូទាំងខេត្តកំពង់ចាម ជាពិសេសសម្តេចបានអរគុណ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកទាំងអស់ ដែលបានបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ជាពិសេសបងប្អូន នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយសម្តេចទាំងទ្វេ បានជូនពរជូនប្រជាជនយើង ឲ្យជួបតែព្រះពុទ្ធិពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

លោក វេង សាខុន ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលមានសធាជ្រះថ្លា បានចូលរួមបរិច្ចាកថវិកា និងសម្ភារសាងសង់ សរុបថវិកាបានចំនួន ៧៩ ៧០០ដុល្លារ (មិនរួមតម្លៃសម្ភារសំណង់) ក្នុងពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់ព្រះវិហារកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ សធាជ្រះថ្លានេះ លោកបញ្ជាក់ថា នឹងជួយសាងសងព្រះវិហារមួយ យ៉ាងល្អស្អាតសម្រាប់ប្រជាជន នៅភូមិកោះកុក ឃុំកោះទន្ទឹម និងស្រុកកំពង់សៀមទាំងអស់មកគោរពបូជា។

To Top