ភ្នំពេញ៖ តាមរយៈសារអបអរសារទរ ជូនចំពោះមេដឹកនាំចិន ដែលបានជាប់ឆ្នោត ជាអគ្គលេខាធិការ គណបក្សកុម្មុយនីស្តចិនសារ ជាថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំ របស់លោក ស៊ី ជិនពីង ពិភពលោកបានសាទរ ចំពោះជោគជ័យដ៏ធំធេង របស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយម តាមលក្ខណ:ពិសេសរបស់ចិន។
ក្នុងសារលិខិតផ្ញើជូនលោក ស៊ី ជីនពីង សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះឯកឧត្តម ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិក CPC ទាំងអស់ ចំពោះការបិទបញ្ចប់ដោយជោគជ័យ នៃសមាជជាតិលើកទី២០ នៃគណបក្សកុម្មុយនីស្តចិន ដែលនឹងផ្ដល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់ លោក ស៊ី ជិនពីង ពិភពលោកបានសាទរ ចំពោះជោគជ័យដ៏ធំធេងរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយមតាមលក្ខណ:ពិសេសរបស់ចិន។ សមិទ្ធផលជាប្រវត្តិសាស្ត្រ បានផ្ដល់ផលប្រយោជន៍ មិនត្រឹមតែដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់ពិភពលោកទាំងមូលផងដែរ»។
សម្តេចជឿជាក់ថា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ លោកប្រធានាធិបតី ស៊ី ជិនពីង ប្រទេសចិន នឹងទទួលបានជោគជ័យធំធេង បន្ថែមទៀត ព្រមទាំងសម្រេច បាននូវគោលដៅ ១០០ឆ្នាំ លើកទី ២ ក៏ដូចជាសម្រេចជោគជ័យ លើគោលនយោបាយ និងគោលដៅដែលដាក់ចេញដោយសមាជ ជាតិរបស់បក្សកុម្មុយនីស្តចិន លើកទី ២០ ។
ចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា និងចិនវិញ ត្រូវបានសម្តេចបញ្ជាក់ថា មានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ដែលរីកចម្រើនជាលំដាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់ជ្រុងជ្រោយ ដោយសារមិត្តភាពប្រពៃណី និងទំនាក់ទំនងដ៏ ស្និទ្ធស្នាលរបស់ CPP និង CPC។
សម្តេចបានគូសបញ្ជាក់ថា៖ «ប៉ុន្មានឆ្នាំកន្លងមកនេះ CPP និង CPC បានពង្រឹងទំនាក់ទំនង មិត្តភាពដែកថែប ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន រីកចម្រើនឥតឈប់ឈរ សម្រាប់ជាផលប្រយោជន៍ ដល់ប្រជាជន នៃប្រទេសទាំងពីរ»។
សម្តេចតេជោ បានបញ្ហាអំពីការទន្ទឹងរង់ចាំ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភាពជាប្រពៃណី រវាង CPP និង CPC និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ទៅកាន់កម្រិតថ្មីមួយទៀត។
សូមបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិម នៃគណបក្សកុម្មុយនិស្ដចិន សម្រាប់អាណត្តិទី៣ នៅថ្ងៃអាទិត្យនេះ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពលធំបំផុត ចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក៕