នយោបាយ

គណបក្សប្រជាជន​កម្ពុជា ​និង គណបក្ស​កុម្មុយនីស្ត​ចិន បានពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប​ ធ្វេី​ឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន រីកចម្រើនឥតឈប់ឈរ

ភ្នំពេញ​៖ ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា (CPP) និង គណបក្សកុម្មុយនីស្ដចិន (CPC) បានពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប ដែលបានធ្វើឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន រីកចម្រើនឥតឈប់ឈរ សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។

នេះបេីតាម​ សារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសលោក បន្តជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន សម្រាប់អាណត្តិទី៣នេះ។

ជាមួយគ្នានេះ​សម្តេចតេជោ បានលេីកឡេីងអំពីការទន្ទឹងរង់ចាំ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភាពជាប្រពៃណី រវាង CPP និង CPC និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ទៅកាន់កម្រិតថ្មីមួយទៀត។

សូមបញ្ជាក់ថា​ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈឹម នៃគណបក្សកុម្មុយនីស្ដចិន សម្រាប់អាណត្តិទី៣ នៅថ្ងៃអាទិត្យនេះ ដែលនេះជាការត្រួសត្រាយផ្លូវ ឱ្យលោកកាន់តំណែងជាប្រធានាធិបតី រយៈពេល៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពលធំបំផុត ចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក៕

To Top